(ភ្នំពេញ)៖ អ្នកវិភាគដែលនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ការវិភាគដល់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា អ្វីដែលលោក សម រង្ស៊ី ប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិនៅរសៀលថ្ងៃសៅរ៍នេះ គឺជាការសម្តែងល្ខោនប្រោកប្រាស់សាធារណជនតែប៉ុណ្ណោះ ការធ្វើបែបនេះក្នុង គោលបំណងទាមទារចំណាប់អារម្មណ៍ឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗ និងសមាជិករបស់គណបក្សសង្រ្គោះជាតិ ចេញញត្តិ ឬដាក់លិខិតស្នើសុំអង្វរកលោក សម រង្ស៊ី នៅធ្វើប្រធានគណបក្សដដែល។
អ្នកវិភាគមិនសូវខុសហើយនៅមិនឆ្ងាយពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដដែលរូបនោះបានអះអាងទៀតថា ការធ្វើបែបនេះរបស់លោក សម រង្ស៊ី ក៏ព្រោះតែចង់ឲ្យមានការគាំទ្រ រូបលោកឡើងវិញតែប៉ុណ្ណោះ ព្រោះប្រជាប្រិយភាពរបស់គាត់កំពុងធ្លាក់ចុះយ៉ាងខ្លាំង។
ប្រសិនបើការលែងលារបស់លោក សម រង្ស៊ី ពិតប្រាកដមែននោះ សូមបងប្អូនប្រជាពលរដ្ឋចាំមើលទាំងអស់គ្នា, ប៉ុន្តែប្រសិនបើការលាលែងនេះដើម្បីគ្រាន់តែ ឆាកល្ខោនបំភាន់ភ្នែកចង់ឲ្យគេចាប់អារម្មណ៍ និងអង្វរ ហើយយល់ព្រមនៅធ្វើជាប្រធានគណបក្សដដែលនោះ តើលោក សម រង្ស៊ី សាកសមជាដឹកនាំឬទេ ព្រោះម្តងថាលាលែង ម្តងយល់ព្រមធ្វើវិញ?
សូមជំរាបថា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ នេះបើយោងតាម Facebook របស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតរបស់លោក ដែលបង្ហោះលើទំព័រ Facebook របស់លោកថា «ខ្ញុំសូមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិ មេត្តាជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ»។
នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលមិននឹកស្មានដល់ថា លោក សម រង្ស៊ី សម្រេចចិត្តលាលែងបែបនេះ។
ការប្រកាសលាឈប់ពីតំណែងប្រធានគណបក្សនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ៦០រូប បានស្នើទៅរដ្ឋសភា ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឲ្យពិរុទ្ធជន ឬ ទណ្ឌិតធ្វើជាប្រធានបក្សនយោបាយ។ ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពី គណបក្សនយោបាយនេះ គណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភាគ្រោងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។
ការលាលែងរបស់លោក សម រង្ស៊ី ក៏បានកើតមាននៅចំពេលដែលរូបលោក បានបែកធ្លាយរឿងអាស្រូវមានសម្ព័ន្ធមេត្រីភាពស្នេហា ជាមួយនារីបម្រើការនៅតាមភោជនីយដ្ឋានផងដែរ។ ការបែកធ្លាយរឿងអាស្រូវស្នេហ៍នេះ បានជះឥទ្ធិពលអាក្រក់សម្រាប់ភាព ជាមេដឹកនាំបក្សនយោបាយរបស់លោក៕