(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទនៅមុននេះបន្តិចថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ ថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិ រួមមានគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក នឹងធ្វើការកោះប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សាជុំវិញការលាលែង ពីតំណែងរបស់លោកប្រធាន សម រង្ស៊ី។
មន្រ្តីជាន់ខ្ពស់ CNRP ដដែលរូបនោះបានបញ្ជាក់ថា តំណែងប្រធានថ្មីរបស់គណបក្ស មិនទាន់ដឹងនៅឡើយ គណបក្សនឹងប្រជុំពិភាក្សារឿងនេះនៅថ្ងៃស្អែក។
នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ នេះបើយោងតាម Facebook របស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតរបស់លោក ដែលបង្ហោះលើទំព័រ Facebook របស់លោកថា «ខ្ញុំសូមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិ មេត្តាជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ»។
នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលមិននឹកស្មានដល់ថា លោក សម រង្ស៊ី សម្រេចចិត្តលាលែងបែបនេះ។
ការប្រកាសលាឈប់ពីតំណែងប្រធានគណបក្សនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ៦០រូប បានស្នើទៅរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឲ្យពិរុទ្ធជន ឬ ទណ្ឌិតធ្វើជាប្រធានបក្សនយោបាយ។ ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភាគ្រោងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។
ការលាលែងរបស់លោក សម រង្ស៊ី ក៏បានកើតមាននៅចំពេលដែលរូបលោក បានបែកធ្លាយរឿងអាស្រូវមានសម្ព័ន្ធមេត្រីភាពស្នេហា ជាមួយនារីបម្រើការនៅតាមភោជនីយដ្ឋានផងដែរ។ ការបែកធ្លាយរឿងអាស្រូវស្នេហ៍នេះ បានជះឥទ្ធិពលអាក្រក់សម្រាប់ភាព ជាមេដឹកនាំបក្សនយោបាយរបស់លោក៕