(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានប្រកាសលាលែងពីប្រធាន និងសមាជិកភាពគណបក្សសង្រ្គោះជាតិ នេះបើយោងតាម Facebook របស់លោក សម រង្ស៊ី ចេញនៅមុននេះបន្តិច។
លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងលិខិតរបស់លោក ដែលបង្ហោះលើទំព័រ Facebook របស់លោកថា «ខ្ញុំសូមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក គណបក្សសង្រ្គោះជាតិ មេត្តាជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ»។
នេះជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ដែលមិននឹកស្មានដល់ថា លោក សម រង្ស៊ី សម្រេចចិត្តលាលែងបែបនេះ។
សូមបញ្ជាក់ថា ការប្រកាសលាឈប់ពីតំណែងប្រធានគណបក្សនេះ បានធ្វើឡើងបន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ៦០រូប បានស្នើទៅរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលមិនអនុញ្ញាតឲ្យពិរុទ្ធជន ឬ ទណ្ឌិតធ្វើជាប្រធានបក្សនយោបាយ។ ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គណៈកម្មាធិការអិចន្ត្រៃយ៍រដ្ឋសភាគ្រោងបើកកិច្ចប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។
ការលាលែងរបស់លោក សម រង្ស៊ី ក៏បានកើតមាននៅចំពេលដែលរូបលោក បានបែកធ្លាយរឿងអាស្រូវមានសម្ព័ន្ធមេត្រីភាពស្នេហាជាមួយនារីបម្រើការនៅតាមភោជនីយដ្ឋានផងដែរ។ ការបែកធ្លាយរឿងអាស្រូវស្នេហ៍នេះ បានជះឥទ្ធិពលអាក្រក់សម្រាប់ភាពជាមេដឹកនាំបក្សនយោបាយរបស់លោក៕