(ភ្នំពេញ)៖ កាសែតអាមេរិកាំងឈ្មោះ Daily News នៅទីក្រុងញូវយ៉កបានចេញផ្សាយនៅថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ១៩៧០ ដោយដាក់ចំណងជើងធំៗថា «Nixon Sends GIs into Cambodia ឬមានន័យថា ប្រធានាធិបតីអាមេរិក និចសុន បញ្ជូនកងទ័ពអន្តរាគមន៍ពិសេស (GIs) ទៅកាន់ប្រទេស​កម្ពុជា»។

កងទ័ពអន្តរាគមន៍​ពិសេសរបស់​អាមេរិក​រាប់ពាន់នាក់ ​​បានឆ្លងកាត់ព្រំដែនវៀតណាម-កម្ពុជា ដោយ​ទទួលបានបទបញ្ជាភ្លាមៗពីប្រធានាធិបត​ទី៣៧របស់អាមេរិក លោក រីឆាដ និចសុន (Richard Nixon) ទាំងយប់ក្នុងការចូលវាយប្រហារ និងទម្លាក់គ្រាប់បែកកម្ទេច​ទីស្នាក់ការ​សំខាន់ៗ​​ ដែលមាន​ជម្រៅជាង៣០គីឡូម៉ែត្រ ចូលទៅក្នុងទឹកដីកម្ពុជា។ កងកម្លាំងអាមេរិក នឹងធ្វើប្រតិបត្តិការ​នៅក្នុងទឹកដី​កម្ពុជាពីចម្លោះ០៦ ទៅ ០៨សប្តាហ៍។

លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក ដែលបានចុះផ្សាយ និងរៀបរាប់​លម្អិត​អំពី​សង្រ្គាមអាមេរិក​​ទម្លាក់គ្រាប់បែក​នៅកម្ពុជាក្នុងឆ្នាំ១៩៧៣ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការ​ខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជា​អំឡុងពេលសង្រ្គាម​នោះទេ»

លោកស្រីថ្លែងថា «បើតាមការប៉ាន់ស្មាននេះ ប្រហែលជាដោយសារការព្រួយបារម្ភថា សហរដ្ឋអាមេរិក​ប្រហែល​ជាត្រូវ​សងសំណង សង្រ្គាមសម្រាប់ការ បំផ្លិចបំផ្លាញ និងខ្លាចអតីតមន្រ្តីអាមេរិកត្រូវគេប្តឹង» ហើយលោកស្រីបានបន្តថា ការទម្លាក់គ្រាប់បែក​ជាច្រើន បានធ្វើឡើងដោយគ្មានអ្នកដឹង ហើយភាគតិចណាស់ ដែលថា​អាចមានការព្រមព្រៀង​ពីអាជ្ញាធរកម្ពុជា។

លោកស្រីបានថ្លែងបន្តថា «ការបន្តចាប់ឲ្យកម្ពុជាទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះបំណុលចាស់ ក្នុងសង្រ្គាមគឺជា​ការលាក់​ពុតត្បុត និងអសីលធម៌»។ ប្រសិនបើមានការសងបំណុលមែនលោកស្រី​ អេលីហ្សាបេត បេឃើ បានស្នើឲ្យ​សហរដ្ឋអាមេរិក​យកប្រាក់ទាំងនោះ ទៅចែកចាយដល់សហគមន៍នានា នៅក្នុងប្រទេសកម្ពុជា ដែលជីវិតរស់នៅ​របស់ពួកគាត់​បានរងផលប៉ះពាល់ ដោយសារការទម្លាក់គ្រាប់បែក។ លោកស្រីបានបន្តថា «សហរដ្ឋអាមេរិកជំពាក់ កម្ពុជាច្រើនជាង​បំណុលសង្គ្រាម​ឆ្ងាយណាស់ ដែលមិនអាចទូទាត់សងជាសាច់ប្រាក់បាននោះទេ»