(សិង្ហបុរី)៖ ព្រឹត្តិការណ៍ក្បួនដង្ហែរ Chingay ត្រូវបានបើកជាផ្លូវការណ៍ហើយ នៅរាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោកនាយករដ្ឋមន្រ្តី លី ស៊ានឡុង និងភរិយា ជាមួយនឹងវត្តមានទស្សនិកជនប្រមាណជាងប្រាំបីម៉ឺននាក់ នៅក្នុងទីតាំង Pit Building ប្រទេសសឹង្ហបុរី។
ក្បួនដង្ហែរសិល្បៈ និងទស្សនីយភាពជាច្រើនត្រូវបានដាក់បង្ហាញជាមួយ នឹងសម្លេងហូរកញ្ជ្រៀវពីទស្សនិកជននៅពេលក្បួនដង្ហែរនិមួយៗបានរំកិលចូលមកដល់ ជាមួយនឹងការបាញ់កាំជ្រួច ការបាញ់ភ្លើង និងការទម្លាក់ព្រិលសិប្បនិមិត្តមកលើទស្សនិកជន ដែលកំពុងកាន់សារ និងឧបករណ៍គាំទ្រនានា បក់រវិចៗ ជាមួយនឹងស្នាមញញឹម និងសេចក្តីរំពឹងសម្រាប់ភាពជោគជ័យថ្មីនៅក្នុងឆ្នាំថ្មី។
ក្រៅពីពាក្យយ៉ាងខ្លីថា ជូនពរឆ្នាំថ្មី លោកនាយករដ្ឋមន្រ្តី លី ស៊ានឡុង បានសំឡឹងរំពៃមើលក្បួនដង្ហែរនិមួយៗយ៉ាងយកចិត្តទុកដាក់ ហើយលោកបានទាញយក កាម៉េរាផ្ទាល់ខ្លួនរបស់លោកភ្លាមមកផ្តិតយកផ្ទាំងទស្សនីយភាពសិល្បៈខ្មែរ នៅពេលដែលក្បួននេះបានចូលមកដល់ជិតលោក។
ដោយមានការរួមបញ្ចូលគ្នារវាងល្ខោនស្បែកធំ របាអប្សរា របាំកញ្ឆែ និងគុនល្បុក្កតោ សិល្បៈករ សិល្បៈការិនីខ្មែរចំនួន៥៤ រូបបានរាំបង្ហាញជូនទស្សនិកជន ទាំងនោះ ដោយបង្ហាញនូវភាពប្រណិតនៃសិល្បៈខ្មែរផង និងភាពអង់អាចរបស់ខ្មែរផង។ នៅលើផ្លូវប្រវែងប្រមាណ៦០០ម៉ែត្រ ទាំងនៅលើគោក ក្នុងទឹក និងនៅលើវេទិកា ក្រុមសិល្បៈខ្មែរបានអង្រួនចិត្តអ្នកទស្សនារាប់ម៉ឺននាក់ ឲ្យបានយល់ច្បាស់ពីភាពអស្ចារ្យរបស់ខ្មែរ និងបន្សល់ទុកនូវស្នាមញញឹម និងស្នូរទះដៃយ៉ាងកងរំពងស្ទើរស្រក់ទឹកផ្នែក។
គួររំលឹកផងដែរថា ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសិង្ហបុរី ក្រមសិល្បៈកម្ពុជាត្រូវបានអញ្ជើញចូលរួមក្នុង ព្រឹត្តិការណ៍ដង្ហែរក្បួននៅក្នុងឆ្នាំនេះ។ គណៈប្រតិភូកម្ពុជា ព្រមទាំងសិល្បៈករ សិល្បៈការិនីកម្ពុជាចំនួន៧៤រូបដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើដំណើរទៅចូលរួមក្នុងពិធីនេះ៕