(ភ្នំពេញ)៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកបណ្ឌិត ងី មានហេង បានថ្លែងថា ដើម្បីការពារសុខភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ មន្ទីរសុខាភិបាលរាជធានី បាននិងកំពុងរួមគ្នាជាមួយភាគីពាក់ព័ន្ធ រួមទាំងមន្ទីរពេទ្យរដ្ឋ និងឯកជន ក្នុងការពង្រឹងកំណែទម្រង់វិស័យសុខាភិបាលបន្ថែមទៀត។
លោកថ្លែងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល នៅមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក មាន ចាន់យ៉ាដា អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលប្រមាណ២០០នាក់ ដែលធ្វើការនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនផងដែរ។
លោកបន្ដថាពេលនេះ សេវាឯកជនទាំង២៧៦៥កន្លែង រួមមានបន្ទប់ថែទាំជំងឺ៥៣៣កន្លែង បន្ទប់ពិគ្រោះស្រី្តមានផ្ទៃ ពោះ៩៧កន្លែង បន្ទប់ព្យាបាលដោយចលនា៨កន្លែង បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ១៣៦៥កន្លែង បន្ទប់ពិគ្រោះព្យាបាល និងមនី្ទរព្យាបាលជំងឺមាត់ធ្មេញ៤៧៨កន្លែង បន្ទប់ពិគ្រោះព្យាបាលជំងឺភ្នែក ត្រចៀក ចម្រុះ បំពង់ក និងជំងឺសើ ស្បែក ចំនួន៤៩កន្លែង បន្ទប់ពិគ្រោះព្យាបាលជំងឺផ្លូវចិត្ត ចំនួន១០កន្លែង មជ្ឈមណ្ឌលកែសម្ជស្ស១៦កន្លែង មនី្ទរពិសោធន៍វេជ្ជសាស្រ្ត ២០កន្លែង មនី្ទរសម្ភព ៣កន្លែង មនី្ទរសម្រាកព្យាបាលជំងឺ ១២៤កន្លែង មនី្ទរពហុព្យាបាលជំងឺ៤៤ កន្លែង មនី្ទរពេទ្យឯកជន១១កន្លែង និងការិយាល័យទំនាក់ទំនងសេវាសុខភាពឯកជន៧កន្លែង ។
ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ថាផងដែរថា ដើម្បីឲ្យវិស័យសុខាភិបាលនេះ កាន់ប្រសើរឡើង ក្នុងការជួយដល់ប្រជាពលរដ្ឋយើង ត្រូវតែយល់ដឹងឲ្យច្បាស់ ពីច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដែលត្រូវបានប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/១១១៦/០១៤ ចុះថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដែលមានវិសាលភាពអនុវត្ត ចំពោះអ្នកប្រកបវិជ្ជាជីវៈ ក្នុងវិស័យសុខាភិបាលទាំងអស់ ពោលគឺសំដៅ ដល់គ្រូពេទ្យ ទន្តពេទ្យ ឆ្មប គិលានុបដ្ឋាក ឱសថការី អ្នកបច្ចេកទេសមនី្ទរពិសោធន៍សុខាភិបាល អ្នកព្យាបាលដោយចលនា ទន្តគិលានុបដ្ឋាក អ្នកបច្ចេកទេសវិទ្យុសាស្រ្ត និងអ្នកវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត ដែលមានការចុះបញ្ជីការជាមួយគណៈវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ ហើយទទួលបានអាជ្ញាបណ្ណសម្រាប់ប្រកបវិជ្ជាជីវៈផ្ទាល់ខ្លួន ។
លោកបន្ដថា ច្បាប់នេះមានគោលបំណងការពារសុខភាព និងសុវតិ្ថភាពរបស់ប្រជាជន តាមរយៈការផ្តល់នូវយន្តការ ក្នុងការធានាថា អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលទាំងអស់ មានគុណវុឌ្ឍិ សមត្ថភាព និងសម្បទាគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន ពុំនោះសោត ពួកគាត់ នឹងត្រូវទទួលរងទណ្ឌកម្មខាងវិន័យ និងត្រូវទទួលខុសត្រូវចំពោះសំណងខាងផ្នែករដ្ឋប្បវេណី ឬអាចឈានទៅដល់ការទទួលខុសត្រូវខាងផ្នែកព្រហ្មទណ្ឌ តាមរយៈបទប្បញ្ញតិ្ត ជាធរមានក្នុងច្បាប់នេះ ថែមទៀតផង។
ព្រមជាមួយគ្នានោះ លោក មាន ចាន់យ៉ាដា បានថ្លែងផ្ដំាផ្ញើរដល់មន្ដ្រីសុខាភិបាលទាំងអស់ ចុះបញ្ជីការជាមួយគណៈវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ ហើយទទួលបានអាជ្ញាបណ្ណសម្រាប់ប្រកបវិជ្ជាជីវៈផ្ទាល់ខ្លួន និងខិតខំក្នុងការផ្ដល់សេវាពិិនិត្យ និងព្យាបាលដល់ប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អបន្ថែមទៀតផងដែរ៕