(បាត់ដំបង)៖ ប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជួបប្រជុំណែនាំ និងពង្រឹងដល់សមាជិក សកម្មជនបក្សក្នុងឃុំ ដើម្បីតាមដានស្ថានការ សភាពការណ៍ទូទៅសម្រាប់ត្រៀមរកសម្លេងឆ្នោត ពីប្រជាពលរដ្ឋឲ្យគាំទ្រក្នុងពេលបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះឲ្យបានទទួលជ័យជំនះ។
ជាមួយគ្នានោះ លោកប្រធានក្រុមការងារ ក៏នាំមូលនិធិសម្តេចក្រឡាហោម ស ខេង ទៅចែកជូនស្រ្តីសម្រាលកូន គ្រួសារមរណៈចំនួន៣៨នាក់ នៅតាមខ្នងផ្ទះដោយម្នាក់ៗ ទទួលបាន២០ម៉ឺនរៀល។ បន្ថែមពីនេះ លោកបានចូលរួមបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង២,៦០០ម៉ែត្រ ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅឃុំភ្នំសំពៅសម្រាប់ធ្វើដំណើរ ដឹកកសិផលចេញចូលពីស្រែមកភូមិ បានងាយស្រួល ព្រមទាំងបានដោះស្រាយសំណូមពរផ្សេងៗជាច្រើនទៀត បានភ្លាមៗ និងបានប្រគេនស៊ីម៉ងដ៍ ដល់ព្រះសង្ឃគង់នៅវត្តទ្រុងមាន់ចំនួន៥តោន សម្រាប់កសាងវត្តផងដែរ។
លោក ហែម ថេង បានថ្លែងថា ដោយមានការណែនាំជាប្រចាំរបស់លោក សុខ ផល ប្រធានក្រុមការងារចុះជួយ ស្រុកបាណន់ រួចមកលោក និងសហការីបានដឹកនាំក្រុមការងារ ចុះផ្តល់ជូននូវសមិទ្ធិផលជាច្រើនមានដូចជា ជួយជីកប្រឡាយ ធ្វើផ្លូវថ្នល់ កសាង និងជួសជុលសាលារៀនក្នុងភូមិ ធ្វើបុណ្យចូលបច្ច័យកសាងវត្តនានា អំណោយមនុស្សធម៌ផ្សេងៗទៀត ចែកជូនដល់ក្មេងកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង អ្នកផ្ទុក និងអ្នកកើតជំងឺអេដស៍ជាដើម។
លោកបានបន្តថា គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាកន្លងមក តែងតែយកចិត្តទុកដាក់ មកលើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាប្រចាំ ដោយបានប្រើប្រាស់សិល្បៈចែករំលែក ជួយពួកគាត់រហូតមកមិនដែលខាន និងមិនប្រកាន់និន្នាការអ្វីឡើយ រយៈពេលកន្លងមកបើប្រជាពលរដ្ឋមានជួបបញ្ហា ការលំបាកអ្វីមួយគឺមាន មុខក្រុមការងារចុះជួយដោះស្រាយបានទាន់ពេលវេលាគ្រប់កាលៈទេសៈ។
ប្រជាពលរដ្ឋទាំងអស់ បានអបអរសាទរ និងថ្លែងអំណរគុណដល់ក្រុមការងារគណៈពង្រឹងមូលដ្ឋានបក្ស ដែលបានយកចិត្តទុកចុះជួយដល់ពួកគាត់ កន្លងទៅក៏ដូចជា ទៅថ្ងៃអនាគតផង ហើយប្រជាពលរដ្ឋទាំងអស់ បានប្តេជ្ញាចិត្តដូចគ្នាថា នៅបន្ដគាំទ្រ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧ខាងមុខនេះ ក៏ដូចជាបោះឆ្នោតសកលជ្រើសរើស តំណាងរាស្រ្តនាឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ កសាងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ កាន់តែរីកចម្រើនជាងមុនបន្ថែមទៀតផងដែរ។
ជាមួយគ្នានេះ ប្រធានក្រុមការងារ ក៏បានប្រគេនស៊ីម៉ងត៍និងបច្ច័យមួយចំនួន សម្រាប់ប្រគេនព្រះសង្ឃ៣៣អង្គ ១ខែ១០ម៉ឺនរៀល គង់នៅវត្តទ្រុងមាន់ផងដែរ។