(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយអ្នកបច្ចេកទេសវៀតណាម នឹងបន្ដចុះដាំ និងវាស់វែងបង្គោលរយៈកម្ពស់ និងបង្គោលទំនាញផែនដី តាមផ្លូវសំខាន់ៗទូទាំងប្រទេស និងទីតាំងដីសាធារណៈមួយចំនូន ដែលជាជំនួយឥតសំណងរបស់វៀតណាម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក ណុប ណារិន អនុប្រធាននាយកដ្ឋានភូមិសាស្ដ្រ បានបញ្ជាក់ថា កន្លងមកមានការយល់ច្រឡំថា ការចុះដាំ និងវាស់បង្គោលរយៈកម្ពស់នេះ គឺជាបង្គោព្រំដែន។ លោក ណុប ណារិន បានបញ្ជាក់ថា ព័ត៌មានទាំងនោះមិនពិតទេ។
លោកថា «ការចុះដាំ និងការវាស់បង្គោលរយៈកម្ពស់នេះ ធ្វើឡើងក្នុងគោលបំណងដឹងច្បាស់ពីកម្ពស់ផែនដី ធៀបនឹងកម្ពស់ទឹកសមុទ្រថា តើកម្ពស់ដី ខ្ពស់ជាង ឬក៏ទាបជាងកម្ពស់ទឹកសមុទ្រ។ មួយវិញទៀត កាលណាបើយើងដឹងពីកម្ពស់ដីច្បាស់លាស់ វាបង្កលក្ខណៈងាយស្រួល ក្នុងការស្ថាបនាប្រព័ន្ធធារាសាស្ដ្រ ហេដ្ឋានរចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម»។
បើតាមលោកអនុប្រធាននាយកដ្ឋានបង្គោលវាស់រយៈកម្ពស់នេះ ការដាំ និងវាស់បង្គោលរយៈកម្ពស់នេះ មិនមានមែនធ្វើតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលគឺប្រទេសទូទាំងសកលលោក គេមានរួចរាល់អស់ហើយ ដោយឡែកកម្ពុជាកាលពីសម័យមុនក៏មានម្ដងដែរ ប៉ុន្ដែដោយសារសង្គ្រាមទើបបង្គោលរងការខូចខាត មិនអាចប្រើប្រាស់បាន។
ព្រោះតែមិនចង់ឲ្យមានការយល់ច្រឡំពីសាធារណជនលើកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការដាំ និងបោះបង្គោលរយៈកម្ពស់នេះ លោក ណុប ណារិន បានបញ្ជាក់ថា មូលហេតុដែលកម្ពុជាសហការជាមួយវៀតណាម ក៏ព្រោះតែវៀតណាមបានផ្ដល់ជំនួយឥតសំណង ពោលគឺមិនមានក្នុងន័យនយោបាយដូចការលើកឡើងមួយចំនួននោះទេ។
ការដាំ និងបោះបង្គោលរយៈកម្ពស់នេះ ក្រសួងរៀបចំដែនដី ក៏បានស្នើសុំកិច្ចសហការ និងសម្រួលការងារនេះ ពីអភិបាលរាជ-ខេត្តទាំង ២៥ផងដែរ។ សូមបញ្ជាក់ថា ការដាំ និងបង្គោលរយៈកម្ពស់នេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៧៕