(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានបន្តលាតត្រដាងការពិត ជុំវិញករណីដែល សហរដ្ឋអាមេរិក តែងតែអះអាងថា កម្ពុជាជំពាក់បំណុលអាមេរិក កើនឡើងរហូតដល់ជិត៥០០លានដុល្លារ និងព្រមទាំងបញ្ហាដែលសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែករាប់លានតោន សម្លាប់ និងកំទេចប្រជាជន និងប្រទេសកម្ពុជា។
ក្នុងអត្ថបទរបស់លោក ហេង រតនា ដែលដាក់ចំណងជើងថា «ទស្សនៈសី្តពីបញ្ហាដែលថា កម្ពុជាជំពាក់បំណុលអាមេរិកចំនួនជិត៥០០លានដុល្លា និងបញ្ហាអាមេរិកទំលាក់គ្រាប់បែកសម្លាប់និងកំទេចខែ្មរ» បានលើកឡើងថា ទំហំនៃបំណុលដែលកម្ពុជាជំពាក់អាមេរិក នៅសម័យ លន់ នល់ នោះ មិនអាចមានការទូទាត់គ្នាបានឡើយ ចំពោះសោកដនាកម្មនេះ និងការវិនាសព្រាត់ប្រាស់របស់ប្រជាជនខ្មែរ ដែលបានស្លាប់បាត់បង់ជីវិត និងកំពុងរងគ្រោះ ពិការភាព ដោយសារគ្រាប់បែករបស់អាមេរិក។
លោក ហេង រតនា អគ្គនាយក CMAC បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា៖ «ខ្ញុំយល់ថា បញ្ហាទាំង២មានឫសគល់បញ្ហាផេ្សងគ្នា ផលលំបាក និងដំណោះស្រាយក៏ផ្សេងគ្នាដែរ តែចំណុចរួមរបស់វា គឺទឹកប្រាក់ (លុយ) រវាងលុយដែល អាមេរិកថា ខែ្មរជំពាក់ និងខែ្មរថាអាមេរិកទំលាក់គ្រាប់បែកសំលាប់ខែ្មរ និងកំទេចស្រុកទេសខែ្មរ ដែលអាមេរិកត្រូវមានកាតព្វកិច្ចទទួលខុសត្រូវ ទាំងកាតព្វកិច្ចសីលធម៌ និងកាតព្វកិច្ចផ្លូវច្បាប់។
ខ្ញុំលើកជាសង្ខេបខ្លីពីចំណុចទាំង២នេះ សំរាប់ជាមូលដ្ឋានពិចារណា ដូចខាងក្រោម៖
I. បញ្ហាបំណុលសហរដ្ឋអាមេរិកដែលថាកម្ពុជា បានខ្ចីប្រាក់ចំនួនជាង២៧០លានដុល្លារ ចន្លោះពីឆ្នាំ១៩៧០-១៩៧៣ គិតមកដល់បច្ចុប្បន្នទាំងការប្រាក់ទាំងដើមមាន ចំនួនប្រមាណ៥០០លានដុល្លារ! មានសំនួរសំខាន់ចំនួន២ គួររកចម្លើយឲ្យបានសមស្រប មុនកំណត់ថា លុយនោះជាបំណុលឬយ៉ាងណា?
ទី១៖ ខាងភាគីអាមេរិក៖ តើសហរដ្ឋអាមេរិក ទទួលស្គាល់ថា រដ្ឋប្រហារដោយយោធានៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ និងរដ្ឋាភិបាលកើតចេញពី រដ្ឋប្រហារយោធានោះ ស្របច្បាប់ឬទេ? បើតាមគោលការណ៍ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ច្បាស់ណាស់អាមេរិកមិនអាចទទួលស្គាល់ របបរដ្ឋប្រហារយោធាបានទេ ហើយអាមេរិកមិនត្រឹមតែ មិនអាចទទួលស្គាល់របបរដ្ឋប្រហារប៉ុណ្ណោះទេ ហើយអាមេរិកតែងតែដឹកនាំ បណ្តារដ្ឋប្រជាធិបតេយ្យដទៃទៀត ធ្វើការគៀបសង្កត់ខាងសេដ្ឋកិច្ច និងយោធាថែមទៀត ចុះហេតុអី្វចំឡែកតែនៅកម្ពុជា? ទង្វើរបស់អាមេរិកពេលនោះមិនត្រឹមតែគ្មានវិធានការនឹងរបបរដ្ឋប្រហារប៉ុណ្ណោះទេ តែបែរជាគាំទ្ររបបរដ្ឋប្រហារ និងថែមទាំងឲ្យខ្ចីលុយទៀត តើទង្វើនេះវាស្របតាមច្បាប់របស់អាមេរិក ឬច្បាប់អន្តរជាតិឬទេ?
ទី២៖ ខាងភាគីកម្ពុជា៖ តើរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល បច្ចុប្បន្នអាចទទួលស្គាល់ថា រដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរបប លន់ នល់ ស្របច្បាប់ឬទេ? ការទទួលស្គាល់ និងសងបំណុលក្នុងរបប លន់ នល់ សំរាប់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រកប ដោយសុខសន្តិភាពក្រោមសម័យ រាជាណាចក្រទី២នេះ ពិតជាការនាំយកនូវក្តីឈឺចាប់ និងមហាអយុតិ្តធម៌ នៅសម័យទសវត្សរ៍ក្នុងឆ្នាំ១៩៧០ នោះជូនពួកគាត់ជាថ្មី!
II- បញ្ហាអាមេរិកទំលាក់គ្រាប់បែក សម្លាប់និងកំទេចកម្ពុជា៖ តាមព៌ត័មាន ភស្តុតាង និងសាក្សីរស់ទាំងឡាយ យើងអាចកំណត់បញ្ហាច្បាស់លាស់គឺ៖
១៖ ការទំលាក់គ្រាប់បោកនៅកម្ពុជានេះ មិនមែនកំរិតត្រឹមតែទំលាក់គ្រាប់បែកតាមផ្លូវលំហូជីមិញ តាមសម្លាប់ពួកយៀកុងនោះទេ ព្រោះថាក្នុងចំណោមជើង ហោះហើរទំលាក់គ្រាប់បែកចំនួនជាង២៣០,៥៤៤ជើងហោះហើរ ការទំលាក់តាមតំបន់ផ្លូវលំហូជីមិញ មានចំនួនតែប្រមាណចំនួន ៣៨,៩០២ (ជិត៤ម៉ឺន)ប៉ុណ្ណោះ រីឯជិត១៩១,៦៤២ជើងហោះហើរទៀត មិនទំលាក់តាមផ្លូវ នៃតំបន់ផ្លូវលំហូជីមិញនោះទេ ហើយការទំលាក់ខ្លះសិ្ថតនៅតំបន់ប្រាសាទអង្គរវត្ត តំបន់ខេត្តបាត់ដំបង ពោធិ៍សាត់ជាដើម។ល។
២៖ តាមទិន្នន័យការទំលាក់គ្រាប់បែក ដោយសហរដ្ឋអាមេរិកគិតពីថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ មានគ្រាប់បែកចំនួន២,៧៥៦,៩៤១តោន ដែលហោះហើរទំលាក់គ្រាប់មានចំនួន ២៣០,៥១៦ជើង (លើក) ទំលាក់នៅទីតាំងចំនួន ១១៣,៧១៦កន្លែង។ ដូចនេះបើគិតពីចំនួនជំរឿនប្រជាជនកម្ពុជានៅឆ្នាំ១៩៦៥-៧០ មានចំនួនប្រមាណ៦លាន៥សែននាក់ មានន័យថាប្រជាជនខែ្មរម្នាក់ ត្រូវទទួលទំងន់គ្រាប់បែកជាង៤០០គីឡូក្រាម។ ហើយបើយើងគិតតាមបែបសាមញ្ញវិញ ឲ្យមនុស្សម្នាក់លើក ឬទ្រទំងន់គ្រាប់ជាង៤០០គីឡូក្រាមនោះ សូម្បីតែសង្កត់ក៏ស្លាប់ដែរ មិនបាច់គិតដល់វាផ្ទុះនោះទេ។ គ្រាប់ទំលាក់យន្តហោះអាមេរិកនេះ រួមមានគ្រាប់បែកអាវុធគីមី គ្រាប់បែកចង្កោម និងគ្រាប់បែកជាតិផ្ទុះធម្មតា។
៣៖ សូមបញ្ជាក់ថា ទិន្នន័យទំលាក់គ្រាប់បែកនេះ មិនពេញលេញទេ ព្រោះថាវាមានការទំលាក់គ្រាប់បែកនេះច្រើនជាងនេះ ជាក់សែ្តងរយៈពេលទំលាក់គ្រាប់ តាំងពីឆ្នាំ១៩៦៣ ដល់ចុងឆ្នាំ១៩៦៥ និងក្រោយខែសីហា ឆ្នាំ១៩៧៣ ដល់ខែមេសា ឆ្នាំ១៩៧៥ គ្មានក្នុងទិន្នន័យនេះទេ។ ទន្ទឹងនឹងនេះ ទិន្នន័យនេះ ក៏គ្មានព័ត៌មានដែលអាមេរិក ចាត់ទុកជាព័ត៌មានសំងាត់ទាំងឡាយនោះ នៅឡើយដែរ (classification) ដូចគ្រាប់អាវុធគីមីពណ៌ទឹកក្រូច គ្រាប់បែកគីមី CS និងគ្រាប់បែកទំលាក់ នៅគោលដៅទីប្រជុំជន និងតំបន់ជុំវិញប្រាសាទអង្គរវត្ត ប្រាសាទសំបូរព្រៃគប់ជាដើម។ ចំពោះគ្រាប់អាវុធគីមី មានតែព័ត៌មានគ្រាប់បែកគីមីប្រភេទឧស្ម័ន CS1 និងCS2 ចំនួន៣៨គ្រាប់ប៉ុណ្ណោះ ដែលមានក្នុងទិន្នន័យ ប៉ុន្តែយើងបានជួបជាក់ស្តែងជាច្រើនកន្លែងហើយ។
៤៖ ប្រជាជនកម្ពុជាភាគច្រើនស្គាល់ តែយន្តហោះបេ៥២ (B52) ដោយសារតែយន្តហោះនេះ ទំលាក់ខ្លាំងក្លាជាងគេ បន្ទាប់ពីយន្តហោះ AC130។ ពោលយន្តហោះ B52 ទំលាក់ចំនួន ៦៣៩,៤៦៨គ្រាប់ ស្មើនឹង១,០៤៩,៣៩៩.៧១តោន (មួយលានតោន) រីឯយន្តហោះជិត៣០ប្រភេទទៀត ក៏ចូលរួមទំលាក់ដែរ តែប្រជាជនខែ្មរភាគច្រើនស្គាល់ តែយន្តហោះ B52 យ៉ាងរត់មាត់។
III. អាមេរិកធ្លាប់ទទួលស្គាល់ ការបាញ់អាវុធគីមីនៅកម្ពុជា និងផ្តល់សំណងចំនួន១២.២លានដុល្លារ៖ នៅឆ្នាំ១៩៦៩ ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៦៩ អាមេរិកបានបាញ់អាវុធគីមីពណ៌ទឹកក្រូច ជ្រុះស្លឹកឈើ ប៉ះចំការកៅស៊ូចំនួនប្រមាណ៧ម៉ឺនហិចតា (១៧៣,០០០acres) ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរ ចំពោះដើមកៅស៊ូមានចំនួន១ម៉ឺនហិចតា។ នៅខែវិចិ្ឆកា ឆ្នាំ១៩៦៩ រាជរដ្ឋាភិបាលកាលនោះ ប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យផ្តល់សំណងចំនួន ១២.២លានដុល្លារ ហើយខាងសហរដ្ឋអាមេរិក នៅតែប្រកែកថា មិនបានប្រព្រឹតិ្ត តែបានបញ្ជូនក្រុមអធិការកិច្ចចំនួន២ក្រុម ដោយមួយក្រុមពីរដ្ឋាភិបាលអាមេរិក និងមួយក្រុមទៀតមកពីផ្នែកឯករាជ្យ ហើយក្រុមទាំង២បញ្ជាក់ទំហំផលប៉ះពាល់ដូចគ្នា។
ទោះបីរដ្ឋាភិបាលអាមេរិកប្រកែក ប៉ុន្តែបានរៀបចំប្រាក់សំណងចំនួន១២.២លានដុល្លារ និងមានបំណងទូទាត់ ជារូបភាពសំងាត់នៅឆ្នាំ១៩៧២។ គេបានដឹងថា ក្រុមអ្នកច្បាប់ក្រសួងការបរទេសអាមេរិក បានវិភាគរបាយការណ៍យ៉ាងវែង ហើយធ្វើការសន្និដ្ឋានថា៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានការទទួលខុសតាមផ្លូវច្បាប់ ចំពោះករណីនោះ។ តើលុយ១២.២លានដុល្លារ ដែលបានរៀបចំសងកម្ពុជា តាមរយៈថវិកាឆ្នាំសារពើពន្ធអាមេរិកឆ្នាំ១៩៧២ បានសងដល់កម្ពុជាឬទេ? ព្រោះឆ្នាំ១៩៧២ សង្គ្រាមបានឆាបឆេះយ៉ាងខ្លាំងទៅហើយ? ក្រុមអ្នកសារព័ត៌ជាតិ និងអន្តរជាតិ គួរចាប់ផ្តើមជំរុញករណីនេះ ព្រោះលោក Henry Kissinger អតីតប្រធានទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលពាក់ពន្ធ័រឿងហេតុសង្គ្រាមនៅកម្ពុជានេះ នៅមានជីវិតនឹងអាចនិយាយរឿងសមរម្យជាងគេ។
សង្គ្រាម និងការទំលាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក នៅកម្ពុជារយៈជាង១២ឆ្នាំ (១៩៦៣-១៩៧៥) ជាប់ៗគ្នាហើយបើគិតពីចំនួនគ្រាប់បែកទំលាក់ ពីយន្តហោះគិតជាមធ្យមជាង៥០០គ្រាប់ក្នុងមួយថ្ងៃ (៤,៧៤៥ថ្ងៃ) នេះជាមហាសោដនកម្ម ក្នុងប្រវត្តិសាស្ត្រសង្គ្រាម កើតឡើងលើទឹកដី និងប្រជាជនកម្ពុជា។
គេមិនអាចប្រើរូបមន្តណា និងយកតំលៃណាមកគណនាបានឡើយ សំរាប់ការស្លាប់មនុស្សចំនួនកន្លះលាននាក់ ការកំទេចគ្មានសល់ផ្ទះសំបែង ភូមិដ្ឋានមួយចំនួន និងការវិនាសព្រាត់ប្រាស់ក្រុមគ្រួសារ សហគមន៍ មាតុភូមិជាដើម។ល។
ដូចនេះតំលៃបំណុលប៉ុន្មានរយលាន និងសោកដនាកម្ម ដែលបានបង្កឡើងដោយសហរដ្ឋអាមេរិកនៅកម្ពុជា មិនអាចមានតំលៃជាសមីការ អាចធ្វើការទូទាត់ជាមួយគ្នាបានទេ។ បំណុលមិនច្បាស់ជាបំណុលនោះទេ តែការទំលាក់គ្រាប់បែកទាំងគ្រាប់បែកចង្កោម គ្រាប់បែកជាអាវុធគីមី និងគ្រាប់បែកទូទៅ គឺច្បាស់លាស់ហើយ ដូចនេះអាមេរិកត្រូវមាន សេចកី្តក្លាហានទទួលយកការពិតនេះ និងមានកាតព្វកិច្ចសីលធម៌ និងច្បាប់ទទួលខុសត្រូវរបស់ខ្លួន។
យើងឃើញថា មានប្រជាជនអាមេរិកទាំងស៉ីវិល និងយោធាខ្លះបានខិតខំសហការល្អជាមួយ យើងដើម្បីជួយកាត់បន្ថយការលំបាកវេទនា និងការឈឺចាប់របស់ប្រជាជនកម្ពុជាក្រោយសង្គ្រាម។ ប៉ុន្តែជាមួយនេះ នៅតែមានអ្នកនយោបាយ និងអ្នកអនុវត្តគោលនយោបាយអាមេរិកខ្លះ នៅតែប្រើប្រាស់បញ្ហាបំណុល ធ្វើជាអាវុធបង្កការឈឺចាប់ ចំពោះប្រជាជនកម្ពុជា តែបែរជាធ្វើជាមិនដឹងមិនលឺទង្វើ ទំលាក់គ្រាប់បែកយ៉ាងឃោរឃៅ មកលើប្រជាជនកម្ពុជាទៅវិញ។ ខ្ញុំយល់ថា មានតែបង្កើតក្រុមការងារ នៃរដ្ឋាភិបាល និងប្រជាជនទាំង២ ដើម្បីពិនិត្យដោះស្រាយ និងវេចខ្ចប់បញ្ចប់បញ្ហាអតីតកាល ប្រកបដោយតម្លាភាព ជាមួយទឹកចិត្ត មនសិការ ស្មារតីស្រលាញ់សន្តិភាព ការគោរពគ្នាទៅវិញទៅមកទេ ទើបមានដំណោះស្រាយប្រកបដោយ ការយោគយល់និងភាតរភាព ព្រមទាំងជួយឱយប្រជាជន និងប្រទេសទាំង២មានឱកាសល្អ ក្នុងការកសាងអនាគតប្រកបកី្ត មោទនភាពជាមួយគ្នាបាន»៕