(កណ្ដាល)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងនគរបាលស្រុកកៀនស្វាយ ក្រោមការសម្របសម្រួលពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លឹម សុគន្ថា បានចុះដកហូតវត្ថុតាងជាគ្រឿងអល្លង្ការនិងទូរស័ព្ទនៅផ្សារគគីរ ស្រុកកៀនស្វាយ ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះជាកូនមន្ដ្រីរដ្ឋសភា ដែលត្រូវបានឃាតក សម្លាប់ប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅហើយយកទៅលក់នៅទីនោះ។
មន្ដ្រីនគរបាលបានឲ្យដឹងថា វត្ថុតាងដែលដកហូតបានរួមមាន៖ កងដៃផ្លាកទីនចំនួន១ ដកហូតពីឈ្មោះ អ៊ី ណារិទ្ធ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករលក់មាស និងទូរស័ព្ទដៃម៉ាក iPhone 5 ០១គ្រឿង ដកហូតពី ឈ្មោះ ងួន សៅមុនី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ទូរស័ព្ទ។
ដោយឡែកអ្នកទិញ និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅដើម្បីបន្តនីតិវិធី។
សូមជំរាបថា ករណីកូនស្រីមន្រ្តីរដ្ឋសភា ត្រូវគេចូលទៅរឹត-ក សម្លាប់ប្លន់យកទ្រព្យសម្បត្តិដល់ក្នុងបន្ទប់ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាល តាមចាប់ជនដៃដល់បានហើយ គឺជាពូបង្កើតរបស់ជនរងគ្រោះតែម្តង។
លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មរឹត-កសម្លាប់ប្លន់ យកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងជំនាញ សហការគ្នា រហូតតាមចាប់ ជនសង្ស័យ បាននៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ។
លោកបានបញ្ជាក់ថា «យើងបានហើយធ្វើការស្រាវជ្រាវនិងមានកាំម៉ាសុវត្ថិភាព ហើយសហការ ជាមួយកងរាជអាវុធ ហត្ថខណ្ឌច្បារអំពៅ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ក៏ឈានទៅដល់ការ ឃាត់បានបុរសជនសង្ស័យជា ជនដៃដល់ត្រូវជាពូបង្កើតតែម្តង»។
សម្រាប់មូលហេតុវិញ ជនសង្ស័យបានសារភាពថា មកពីខ្វះខាតលុយដើម្បីចិញ្ចឹមគ្រួសារ។
សូមបញ្ជាក់ថា នារីកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹត-កសម្លាប់ចោលដល់ក្នុងបន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោងជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
អំពើប្លន់សម្លាប់នេះ បានកើតឡើងនៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់យកខ្សែភ្លើង រឹត-កបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។
តាមសេចក្តីរាយការណ៍ពីជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់៕