(ភ្នំពេញ)៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែង ដែលជនជាតិហ្វីលីពីនជួលស្នាក់នៅ ស្ថិតនៅភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងជាង ១២ ថ្ងៃត្រង់នាថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៧នេះ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ អស់ប្រហែល៤ទៅ៥ពាន់ដុល្លារ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ករណីនេះបានកើតឡើង នៅពេលម្ចាស់ផ្ទះមិននៅ ហើយមូលហេតុនោះ បណ្តាលមកទុស្សេខ្សែភ្លើង។
បើតាមសេចក្តីរាយការណ៍ ក្រោយកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង បានចេញទៅជួយអន្តរាគមន៍ តែបាញ់បានតែមួយគ្រឿងប៉ុណ្ណោះ ភ្លើងក៏រលត់ទៅវិញ។
លោក ជឹម រិទ្ធី មេបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា «មូលហេតុមកពីទុសេខ្សែភ្លើង កុងម៉ានៅក្នុងផ្ទះ ហើយម្ចាស់ផ្ទះឈ្មោះស្រស់ ភេទស្រីអាយុ៣៥ឆ្នាំ បានជួលទៅឲ្យជនជាតិហ្វីលីពីនស្នាក់នៅ ដោយម្ចាស់ផ្ទះ មិននៅនោះទេ ព្រោះទៅធ្វេីការខាងក្រៅបាត់់»៕