(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ជាបន្ទាន់មួយ នៅវេលាម៉ោង៩៖០០ព្រឹក ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សប្តាហ៍ក្រោយនេះ ដើម្បីពិនិត្យមើលសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។
លោក ឡេង ប៉េងឡុង បានឱ្យដឹងថា ពេលនេះលោកបានធ្វើលិខិតជូនដំណឹងដល់ប្រធានគណៈកម្មការទាំង១០របស់រដ្ឋសភា ដែលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្នុងនោះមានប្រធានគណៈកម្មការមកពីគណបក្សសង្រ្គោះជាតិដែរ ដើម្បីអញ្ជើញទៅចូលរួមប្រជុំ នៅថ្ងៃចន្ទសប្តាហ៍នេះ។ លោកបន្ថែមថា ទោះបីជាមិនមានការចូលរួមពីប្រធានគណៈកម្មការរដ្ឋសភាមកពីគណបក្សសង្រ្គោះជាតិ ក៏កិច្ចប្រជុំនេះអាចដំណើរការធម្មតាបានដែរ។
សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប បានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញនេះ។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយក្នុងនោះច្បាប់ថ្មីនេះនឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត។
បើសិនជាវិសោធនកម្មច្បាប់នេះ ត្រូវបានអនុម័តមែននោះ លោក សម រង្ស៊ី ដែលមានឈ្មោះជា «ទណ្ឌិត» ដែលត្រូវតុលាការកាត់ទោសបិទផ្លូវតវ៉ាឱ្យជាប់ពន្ធនាគារ២ឆ្នាំ រឿងចោទប្រកាន់វាយប្រហារលើឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រួមទាំង រឿងព្រហ្មទណ្ឌផ្សេងទៀតដែលនឹងចូលជាស្ថាពរឆាប់ៗនោះ នឹងត្រូវបាត់បង់តួនាទីប្រធានគណបក្សសង្រ្គោះជាតិតែម្តង៕