(កណ្តាល)៖ លោកម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១ ក្រុមការងារគណៈពង្រឹងចុះជួយស្រុកកៀនស្វាយ និងជាប្រធាន ក្រុមការងារ ចុះជួយឃុំដីឥដ្ឋ ឃុំគគីរ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានថ្លែងឲ្យដឹងថា ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខលំបាក របស់ថ្នាក់ដឹកនាំ និងក្រុមការងារ គណបក្សប្រជាជនកម្ពុជា ។

លោកម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន៤៩៦ គ្រួសារ នៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្ថែមថា ក្រុមការងារ របស់លោក មិនមែនមកតែប្រជុំ ហើយទះដៃ ចប់នោះទេគឺក្រុមការងាររបស់ លោក ចង់ដឹងពីទុក្ខលំបាក បងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាក ហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារ និងជួយដោះស្រាយ ។

នៅក្នុងពិធីសំណេះសំណាលនោះ បងប្អូនប្រជាពលរដ្ឋ  នៅភូមិតារាបដូនស ក៏បានលើកឡើងពីទុក្ខលំបាក របស់ពួកគាត់ និងស្នើឲ្យគណៈពង្រឹងមូលដ្ឋានជួយពួកគាត់ពីបញ្ហាគ្រឿងញៀន ដែលកំពុងតែវាយលុកនៅក្នុង ភូមិរបស់ពួកគាត់ ។
ជាមួយគ្នានោះ ប្រធានគណៈពង្រឹង៣ឃុំ នៅក្នុងស្រុកកៀនស្វាយ ក៏បានសំណូមពរដល់ អាណាព្យាបាល ទាំងអស់មេត្តា សហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ច ត្រូវតែរាយការណ៍ ជូនសមត្ថ កិច្ចអំពីបញ្ហានេះ ប្រសិនយើងបណ្តែត បណ្តោយនោះគ្រឿងញៀន នឹងធ្វើឲ្យវឹកវរជាមិនខាន ។

ក្រោយពីសំណេះសំណាល ក៏មានប្រជាពលរដ្ឋ ដែលពួកគាត់ជួបការលំបាក ដូចជា សុំរទេះ  សុំផ្លូវ សុំជួយតបណ្តាញភ្លើង ប្រជាពលរដ្ឋខ្លះ ផ្ទះរបស់ពួកគាត់ដំបូលទ្រុឌទ្រោម  ជញ្ជាំងធ្លុះធ្លាយ ប្រជាពលរដ្ឋ ខ្លះកូនមានជំងឺ ត្រូវការថវិកា យកទៅមើលមន្ទីរពេទ្យ និងមានបងប្អូនខ្លះ សុំកង់ជិះជាដើម ។

រាល់ទុក្ខលំបាកទាំងនេះ ត្រូវបានប្រធានក្រុម ការងារចុះជួយឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ឋ ទទួលយកសំណើទាំងនេះនិងឲ្យ ក្រុមការងាររបស់ លោក ចុះពិនិត្យ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់ ។

លោកបានបន្តទៀតថា អ្វីដែលលំបាក គឺត្រូវដោះស្រាយភ្លាមៗដោយ មិនទុកយូរទេ ។ ក្រោយបញ្ចប់ពិធី សំណេះសំណាល ក្រុមការងារគណៈពង្រឹងឃុំគគីរ  ឃុំដីឥដ្ឋ និងឃុំភូមិធំ ក៏បានផ្តល់អំណោយជាអង្ករ ដល់ប្រជាពលរដ្ឋជិត៥០០គ្រួសារផងដែរ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ៕