(រតនគិរី)៖ ព្រះពុទ្ធបដិមាដ៏ធំមួយអង្គនៅរមណីយដ្ឋានភ្នំឥស្សីបតមៈ ស្ថិតនៅលើកំពូលភ្នំស្វាយ ក្រុងបានលុង ខេត្តរតនគិរី បានចាប់ផ្តើមរៀបចំពិធីក្រុងពាលីដំណើរការសាងសង់ហើយនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាមួយថវិកាប្រមាណ ២០ម៉ឺនដុល្លារ។
ពិធីក្រុងពាលីដែលធ្វើឡើងចំថ្ងៃពេញបូណ៌មី ខែមាឃ ឆ្នាំវកអដ្ឋស័ក ព.ស ២៥៦០ ដែលជាថ្ងៃនៃពិធីបុណ្យមាឃបូជារបស់ព្រះពុទ្ធសាសនានេះ ធ្វើឡើងក្រោមអធិបភាពលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោកស្រី។
បើតាមមន្ត្រីសាលាខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា ព្រះពុទ្ធបដិមាដែលគ្រោងនឹងសាងសង់នេះ សម្រាប់ទុកជាទីសក្ការៈបូជារបស់ប្រជាពុទ្ធបរិស័ទ្ធ និងជា
រមណីយដ្ឋានទេសចរណ៍វប្បធម៌មួយសម្រាប់ខេត្ត។ ដោយឡែកទំហំ និងកម្ពស់របស់ព្រះពុទ្ធបដិមានេះ មិនទាន់កំណត់បានឡើយ ដោយរង់ចាំជំនាញ និងជាងធ្វើការសិក្សា ដើម្បីសាងសង់ឲ្យសាកសម ហើយអាចមើលឃើញទេសភាពពីខាងក្រោមភ្នំមកបាន៕