(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភា បានថ្លែងថា បណ្ឌិត្យសភានគរបាលកម្ពុជាមានបេសកកម្ម ទទួលខុសត្រូវលើការងារ ស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៅទូទាំងប្រទេស លើវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងពន្ធនាគារ។
នាយឧត្តមសេនីយ៍ សេង ផល្លី បានថ្លែងដូច្នេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅ ការងារសម្រាប់អនុវត្តន៍ឆ្នាំ២០១៧ របស់បណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកថ្លែងថា ដើម្បីអាចសម្រេចបាននូវការបណ្តុះបណ្តាលកងកម្លាំងបណ្ឌិត្យសភា នគរបាលកម្ពុជា បានដាក់ចេញផែនការ យុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗ ដូចជាការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិស័យនិស្សិត-សិក្ខាកាម ការអភិវឌ្ឍធនធានមនុស្ស។
លោក សេង ផល្លី បន្តថា បណ្ឌិត្យសភាបានបង្កើតឲ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឲ្យមានវប្បធម៌គុណភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារសិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការពង្រីកកិច្ចសហ ប្រតិបត្តិការជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់គុណភាព អប់រំបណ្ដុះបណ្ដាល និងធានាឲ្យមានភាពម្ចាស់ការលើការ បណ្ដុះបណ្ដាល ឲ្យឆ្លើយតបទៅនឹងតម្រូវការអង្គភាព ប្រើប្រាស់កងកម្លាំងនគរបាល និងមន្ត្រីពន្ធនាគារ ផែនការរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ សេង ផល្លី បានជំរុញដល់ថ្នាក់ដឹកនាំគ្រប់កម្រិតគ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់នៃបណ្ឌិត្យសភា ត្រូវមានគំនិតផ្ដួចផ្តើមច្នៃប្រឌិតថ្មីៗបន្ថែមទៀត ក្នុងស្មារតីទទួលខុសត្រូវលើការងារមានឆន្ទៈការងារ មោះមុតក្នុងការបំពេញ តួនាទីភារកិច្ចរបស់ខ្លួន ដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យនូវចក្ខុ គោលបំណង និងបេសកកម្មរបស់បណ្ឌិត្យសភា នគរបាលកម្ពុជា៕