(កំពង់ស្ពឺ)៖ ក្រុមការងារបក្សប្រជាជនដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឧដុង្គ បានចំណាយថវិការ ប្រមាណជាង ២០លានរៀល ក្នុងការជួសជុលជូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងចំនួន៣ឃុំ។
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅការដ្ឋាន លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា បានលើកឡើងថា ដោយមើល ឃើញអំពីផលលំបាក ចំពោះការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទើបថ្ងៃនេះ បានសម្រេចធ្វើការជួសលជុល ផ្លូវចម្ងាយ១៤គីឡូម៉ែត្រ ២ខ្សែចាប់ពីផ្សាបន្ទាយខ្មែរក្នុងឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទៅកាន់ឃុំយុទ្ធសាមគ្គី និងបន្តទៅកាន់ផ្សាក្រាំងចេកបន្ថែមទៀត។
លោកឧត្តមសេនីយ៍ឯក បន្តថា ទីតាំងមួយចំនួនតាមផ្លូវក្រុមការងារ បានពន្យល់ឲ្យពលរដ្ឋប្រើប្រាស់ប្រព័ន្ធលូឲ្យបានត្រឹមត្រូវ ជៀសវាងទឹកលិចខូចខាតផ្លូវពិបាក ក្នុងការធ្វើដំណើរដូចមុនទៀត ហើយការចំណាយគម្រោងជួសជុលប្រើដី អស់ប្រមាណជាង៦០០ឡាន ដែលត្រូវចំណាយថវិការប្រមាណជាង២០លានរៀល ក្នុងការជួសជុល។
បន្ទាប់ពីចុះពិនិត្យការជួសជុលផ្លូវ លោកបានបន្តដំណើរ ចុះជួបបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងនោះបាន សាកសួរសុខទុក្ខពួកគាត់ និងបញ្ហាជួបផលលំបាកចំពោះមុខ ដែលអាចឲ្យក្រុមការងារ បក្សប្រជាជនដោះស្រាយជូនផងដែរ៕