(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ​របស់ខណ្ឌសែនសុខ សហការជាមួយកម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ជាច្រើននាក់ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការ ទ្រង់ទ្រាយធំ ចូលរួមរុះរើផ្ទះជួល ដើម្បីបំចាត់សំបុកគ្រឿងញៀន នៅប្លុកត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រតិបត្តិការរុះរើផ្ទះជួល​នៅតំបន់ត្រពាំងឈូកនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ជាច្រើនរូប ក្រោមការ​ដឹកផ្ទាល់​របស់លោក ប៉ិល កុសល អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានរុះរើប៉ុន្មានថ្ងៃរួចមកហើយ ហើយមកទល់ព្រឹកនេះ បានរុះរើផ្ទះជួលបានជាង៣០ខ្នងផ្ទះហើយ ក្នុងចំណោមផ្ទះជូលជាង១០០ខ្នងផ្ទះ។

យុទ្ធនាការនេះ គឺជាយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងចូលរួមកាត់បន្ថយសំបុកគ្រឿងញៀន ដែលក្រោមការបញ្ជាផ្ទាល់ពី​ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយមានបញ្ជាផ្ទាល់ពីសម្ដេចក្រឡោហោម, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាបន្ដមកកម្លាំងជំនាញ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំចាត់ចោល​ទាំងស្រុងនូវសំបុកគ្រឿងញៀន នៅប្លុកត្រពាំងឈូកនេះ។

លោកអធិការបញ្ជាក់ថា ក្នុងប្រតិបត្តិការរុះរើនេះ ម្ចាស់ផ្ទះជួលទាំងអស់ បានចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បីរុះរើផងដែរ ដើម្បីបំបាត់នូវសំបុកគ្រឿងញៀននេះ៕