(កោះកុង)៖ ស្រ្តីជាប្រពន្ធនាយទាហានម្នាក់ ដែលឈរជើងប្រចាំការនៅសឹករងមណ្ឌលសីមា(គ)២ តាមបន្ទាត់ព្រំដែន​កម្ពុជា-ថៃ បានជួប​ហេតុការណ៍​ជាន់មីនដាច់ម្រាមជើង ខាងឆ្វេងអស់ចំនួន២។

​ហេតុការណ៍នេះ ​កើតឡើងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចកម្ពស់ភ្នំ៣៩១ ក្រោយបន្ទាយសឹករងមណ្ឌលសីមា ភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកវរសេនីយ៍ត្រី សូ សាវ៉ាត មេបញ្ជាការសឹងរងមណ្ឌលសីមា បានឲ្យដឹងថា ស្រ្តីដែលជាន់មីនដាច់ម្រាមជើងមានឈ្មោះ ផុន ស្រីទូច​ អាយុ៣៣ឆ្នាំប្តីមានឈ្មោះ វង្ស សាវ ពាក់ស័ក្ដិ២ បម្រើការនៅសឹងរងមណ្ឌលសីមា ដែលទីតាំងជាប់ខ្សែបន្ទាត់​ព្រំដែនកម្ពុជា-ថៃ​។

លោកមេបញ្ជាការបញ្ជាក់ថា នៅពេលកើតហេតុជនរងគ្រោះបានចេញទៅបត់ជើង ពេលទៅដល់កន្លែងកើតហេតុ ស្រាបតែឮ​សំលេងផ្ទុះ នាយទាហានក្នុងបន្ទាយទាំងអស់បានរត់ទៅមើល ស្រាប់ឃើញជនរងគ្រោះ​ដេកលើដីហើយ​មានឈាមហូរ នៅផ្នែកខាងឆ្វេង បន្ទាប់មកនាយទាហានទាំងអស់ ដោយមានទឹកចិត្តសាមគ្គីគ្នា ក៏បញ្ជូនជនរងគ្រោះ​មកមន្ទីរពេទ្យ​បង្អែក​ខេត្តភ្លាមៗ ដើម្បីជួយសង្គ្រោះបន្ទាន់។

បើតាមមេបញ្ជាការ ​ទីតាំងដែលជនរងគ្រោះជួបគ្រោះថ្នាក់ជាតំបន់ហាមឃាត់ ព្រោះទីតាំងនេះមាន មីននៅសេសសល់​ពីសម័យសង្គ្រាម៕