(ក្រចេះ)៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះ លោកគ្រូនាយកអនុវិទ្យាល័យសំបុក ដែលមានទំហំ២០ម៉ែត្រ គុណ៧ម៉ែត្រ ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ទាំងព្រឹកព្រលឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ខ្ទេចគ្មានសល់ ដោយបំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាប់ប្រមាណជាង៥ម៉ឺនដុល្លារ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលភ្លើងឆាបឆេះ គឺពួកគាត់បានឃើញលោកគ្រូនាយកសាលាអនុវិទ្យាល័យសំបុកឈ្មោះ ទាវ បុរី អាយុ៤៨ឆ្នាំ បានឌុបប្រពន្ធឈ្មោះ ស៊ាង អ៊ាមឆេង អាយុ៤៧ឆ្នាំ មកពីក្រុងក្រចេះ ហើយដាក់ប្រពន្ធគាត់នៅខាងមុខផ្ទះ ដោយលោកគ្រូបានធ្វើដំណើរបន្តទៅចំការ មួយសន្ទុះក្រោយមក ស្រាប់តែគេឃើញអណ្តាតភ្លើងឆាបឆេះ ចេញពីចង្ក្រានបាយយ៉ាងខ្លាំង ហើយក៏ឆាបឆេះរាលដាលបន្តរហូតដល់ខាងមុខផ្ទះ យ៉ាងលឿនជាហេតុមិនអាចជួយពន្លត់បានទាន់ពេលវេលាឡើយ បើទោះជាមានការជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ នគរបាលប៉ុស្តិ៍រដ្ឋបាលសំបុក និងអាជ្ញាធរមូលដ្ឋានយ៉ាងណាក្តី។
លោកអនុសេនីយ៍ឯក អ៊ុន ហយ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសំបុក បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យនេះកើតឡើង គឺសមត្ថកិច្ចមិនទាន់សន្និដ្ឋានបាននៅឡើយទេ ម៉្យាងទៀត ផ្ទះរងគ្រោះមួយនេះ គឺមិនបានតចរន្តអគ្គិសនីប្រើប្រាស់ឡើយ។
លោកនាយប៉ុស្តិ៍ បានបន្តថា នៅក្នុងហេតុការនេះ គឺមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន២គ្រឿង និងរថយន្តរបស់អធិការដ្ឋាននគរបាលស្រុកចិត្របុរី១គ្រឿងផងដែរ មកជួយបាញ់ទឹកពន្លត់ ប៉ុន្តែគួរឲ្យស្តាយ ព្រោះមិនអាចសង្គ្រោះផ្ទះកើតហេតុបានឡើយ ដោយសារតែពេលភ្លើងកំពុងឆាបឆេះ គឺមានខ្យល់បក់បោកមកយ៉ាងខ្លាំង បាញ់ទឹកពន្លត់ បាញ់ទឹកពន្លត់មិនទាន់ ប៉ុន្តែបានបាញ់ទឹកការពារ មិនឲកយភ្លើងឆាបឆេះរាលដាលឆ្លងដល់ផ្ទះអ្នកជិតខាងនៅជាប់គ្នានោះឡើយ៕