(ភ្នំពេញ)៖ ទីបំផុត ! រដ្ឋសភាបានចេញសេចក្តីសម្រេចមួយ ដោយនិរាករណ៍លើ សេចក្តីប្រកាសចំនួន២ និងសេចក្តីសម្រេច១ ដែលពាក់ព័ន្ធនឹងការទទួលស្គាល់ ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្ត និងក្រុមមតិភាគតិច និងភាគច្រើននៅក្នុងរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយ សម្តេច ហេង សំរិន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃសៅរ៍នេះ។
ប្រការ១ នៃសេចក្តីសម្រេចថ្មីនេះបានសរសេរថា ត្រូវបាននិរាករណ៍ សេចក្តីប្រកាសលេខ០២២ រ.ស ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ស្តីពីការទទួលស្គាល់ ថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងការទទួលស្គាល់ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។
ចំណែកប្រការ២ បានចែងថា ត្រូវបាននិរាករណ៍សេចក្តីសម្រេចលេខ ១២០ រ.ស ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការទទួលស្គាល់ថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សសង្រ្គោះជាតិ និងការទទួលស្គាល់ ប្រធានក្រុមមតិភាគតិច នៅរដ្ឋសភា។
ដោយឡែកប្រការបួនក៏បានចែងដែរថា ត្រូវបាននិរាករណ៍សេចក្តីសម្រេចលេខ ០៤០ រ.ស.នីតិ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ស្តីពីការផ្តល់មធ្យោបាយ ជូនថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សនយោបាយ ដែលមានអសនៈក្នុងរដ្ឋសភា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះរដ្ឋសភា បានអនុម័ត លើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដោយរំលាយ ក្រុមមតិភាគតិច និងភាគច្រើន។ ការរំលាយនេះធ្វើឡើងតាមសំណើក្រុមតំណាងរាស្រ្ត៥៥រូប បន្ទាប់ពីមានការលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន។
បន្ទាប់ពីមានសេចក្តីប្រកាសថ្មីនេះតំណែងប្រធានក្រុមមតិភាគតិច និងមតិភាគច្រើន ត្រូវបាត់បង់ជាស្ថាពរ ខណៈដែល លោក កឹម សុខា ទើបនឹងឡើងកាន់ តំណែងនេះមិនបាន១ខែផងនោះ៕