(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចពីការអនុវត្តទោសទៅក្រៅប្រទេស បានជឿជាក់ថា តំណែងរបស់លោកជាប្រធានគណបក្សប្រឆាំង នឹងបាត់បង់ជាមិនខាន។ ជាមួយគ្នានេះ លោកក៏នៅតែរំពឹងដែរថា លោក នឹងក្លាយជានិម្មិតរូប តំណាងឱ្យទឹកចិត្តប្រជារាស្រ្ត។
នៅលើទំព័រ Facebook ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សម រង្ស៊ី បានត្អូញត្អែយ៉ាងដូច្នេះថា៖ «…ច្បាប់តុបតែងឡើង ដើម្បីគ្រាន់តែដកហូតតួនាទីពី សម រង្ស៊ី នេះ នឹងមិនមានឥទ្ធិពលអ្វីទេ ក្នុងឆាកនយោបាយនៃប្រទេសកម្ពុជា។ ទោះជាខ្ញុំលះបង់រាល់តួនាទីរបស់ខ្ញុំ ក្នុងជួរគណបក្សក៏ដោយ ក៏ខ្ញុំនៅតែជានិមិត្តរូប តំណាងឲ្យទឹកចិត្តប្រជារាស្ត្រដែលប្រឆាំងរបបផ្តាច់ការ និងពុករលួយសព្វថ្ងៃ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា ការបង្កើតច្បាប់ ឬធ្វើវិសោធនកម្មច្បាប់ណាមួយគឺឆ្លើយតបទៅនឹង តម្រូវការសង្គម មិនមានប្រកាន់និន្នាការនោះទេ។ លោកថ្លែងថា «ការបង្កើតច្បាប់ថ្មី និងការធ្វើវិសោធនកម្មច្បាប់ គឺជាសំណូមពរចាំបាច់របស់សង្គមជាតិ មានវិសាលភាព អនុវត្តសម្រាប់ប្រជាជនទូទៅ ដោយមិនប្រកាន់និន្នកានយោបាយ ជាតិសាសន៍ ជនជាតិ ជំនឿសាសនា ទំនៀមទំលាប់ ប្រពៃណីយ៍អ្វីទ្បើយ»។
កាលពីម្សិលមិញ សំណើសុំធ្វើវិសោធនកម្ម លើច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប បានចូលមកដល់រដ្ឋសភាហើយ។ លោក ឡេង ប៉េងឡុង បានឱ្យដឹងថា សំណើនេះបានវ៉ៃត្រាប្រញ៉ាប់ ដែលនឹងដាក់ចូលទៅគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅពេលឆាប់ៗនេះ។
ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយនៅកម្ពុជានេះ បានធ្វើបន្ទាប់ពីមានការលើកឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តីពីគណបក្សនយោបាយក្នុងនោះច្បាប់ថ្មីនេះនឹង មិនអនុញ្ញាតឲ្យអ្នកមានទោស ឬជាទណ្ឌិត ធ្វើជាប្រធាន ឬ អនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្សមិនឲ្យធ្វើសកម្មភាពនយោបាយថែមទៀត។
បើសិនជាវិសោធនកម្មច្បាប់នេះត្រូវបានអនុម័តមែននោះ លោក សម រង្ស៊ី ដែលមានឈ្មោះជា «ទណ្ឌិត» ដែលត្រូវតុលាការកាត់ទោសបិទផ្លូវតវ៉ា ឱ្យជាប់ពន្ធនាគារ២ឆ្នាំ រឿងចោទប្រកាន់វាយប្រហារលើឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រួមទាំង រឿងព្រហ្មទណ្ឌផ្សេងទៀតដែលនឹងចូលជាស្ថាពរឆាប់ៗនោះ នឹងត្រូវបាត់បង់តួនាទី ប្រធានគណបក្សសង្រ្គោះជាតិជាមិនខាន៕