(កណ្តាល)៖ ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងឃុំត្រើយស្លា បានត្អូញត្អែពីការលំបាកធ្វើដំណើរ និងខ្វះខាតទឹកស្រោចស្រពដំណំពួកគាត់ នៅតាមមាត់ព្រែកដោយសារ ការស្ថាបនាស្ពានព្រែកឃ្លោកមានការយឺតយ៉ាវ។
ប៉ុន្តែលោកលោក ភី រីដា ប្រធាននាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវនេះថា ការយឺតយ៉ាវដោយសារលោកមិនមានម៉ាស៊ីនស្វានដកគ្រឹះស្ពានចាសចេញ ប៉ុន្តែឥឡូវលោករកបានហើយម៉ាស៊ីនស្វាននោះ ហើយយ៉ាងយូរថ្ងៃទី១៧ ខែកុម្ភៈ នឹងបានបុកគ្រឹះស្ពាននោះហើយ។
ប្រជាពលរដ្ឋនៅឃុំត្រើយស្លា បានលើកឡើងថា ពួកគាត់សព្វថ្ងៃជួបប្រទះបញ្ហាដោយសារ ការស្ថាបនាស្ពានឆ្លងស្ពានព្រែកឃ្លោក មានយឺតយ៉ាវពិបាកធ្វើដំណើរ ម្យ៉ាងវិញទៀតទប់ទំនប់កាត់ព្រែកមិនឲ្យទឹកចូលងាយស្រួល បុកគ្រឹះធ្វើឲ្យព្រែកគ្មានទឹកចាប់តាំងពីដូចទឹកដំណើររហូតដល់រដូវប្រាំង ហើយនៅរដូវប្រាំងពួកគាត់ដាំចេក ស្វាយ ម្ទេស សណ្តែក មិនទឹកស្រោច ស្រព បូមក៏មិនកើត កាលពីមុនពេលខ្វះខាតទឹកពួកគាត់ បូមទឹកពីទន្លេតាមព្រែកនេះ ប៉ុន្តែឥឡូវពួកគាត់មិនអាចបូមបានទេ។
ពលរដ្ឋបានបន្តថា ការពិបាកធ្វើដំណើរនោះ ដោយសារស្ពាន ដែកបណ្តោះអាសន្ននោះតូចផ្លូវមាត់ព្រែកពិបាកបត់រថយន្តកកស្ទះចរាចរណ៍រាល់ថ្ងៃ មិនតែប៉ុណ្ណោះទេស្ពានដែកនោះ មិនមាំខ្លាចគ្រោះ ថ្នាក់ពេលឆ្លងកាត់រថយន្ត ចំណែកសរសរគ្រឹះទុកលើផ្លូវស្ទើរ១ចំហៀងផ្លូវ នៅមុខផ្ទះពួកគាត់ ដូច្នេះពួកគាត់សំណូមពរ សូមឲ្យលោកប្រធានទទួលការស្ថាបនាជួយពន្លឿនការស្ថាបនាឲ្យបានលឿន ព្រោះរយៈពេលជិត១ឆ្នាំ ហើយចាប់តាំងពី ពេលរុះរើមក។
ទាក់ទិននិងការលើកឡើង របស់ពលរដ្ឋនោះ លោក ភី រីដា ប្រធាននាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ បានឲ្យដឹងថា ការយឺតយ៉ាវក្នុងការស្ថាបនាស្ពានឆ្លងព្រែកឃ្លោកនោះ គឺដោយសារពេលវាយស្ពានចាស់ចោលនោះ ដោយសារស្ពាននេះ មានទ្វារទឹកហើយមានសសរ គ្រឹះទ្របាតស្ពាន មិនអាចបុកគ្រឹះកើតព្រោះទើសសរគ្រឹះនោះ ហើយលោកមិនមានម៉ាស៊ីនស្វាន ដកសសរគ្រឹះចាស់នោះចេញ ប៉ុន្តែ ពេលនេះលោក រកម៉ាស៊ីនស្វានបានហើយ ដូច្នេះយ៉ាងយូរថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ លោកនឹងបុកគ្រឹះស្ពានព្រែកឃ្លោកនេះ។
ជាមួយគ្នានេះដែរ លោកក៏សូមអព្យាស្រ័យ ពីប្រជាពលរដ្ឋផងដែរ លោកខិតខំណាស់មិនចង់ឲ្យបងប្អូនលំបាកទេ ប្រសិនបើស្ថាបនាស្ពានថ្មីវិញ នោះលោកមិនលំបាកទេ និងអាចស្ថាបនារួចរាល់មួយចំនួនធំបាត់ទៅហើយ៕