(ភ្នំពេញ)៖ ករណីកូនស្រីមន្រ្តីរដ្ឋសភា ត្រូវគេចូលទៅរឹតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ដល់ក្នុងបន្ទប់ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលតាមចាប់ជនដៃដល់បានហើយ គឺជាពូបង្កើតរបស់ជនរងគ្រោះតែម្តង។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានករណីឃាតកម្មរឹតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងជំនាញ សហការគ្នា រហូតតាមចាប់ជនសង្ស័យបាន នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧នេះ។

លោកបានបញ្ជាក់ថា «យើងបានហើយធ្វើការស្រាវជ្រាវនិងមានកាំម៉ាសុវត្ថិភាព ហើយសហការជាមួយកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ក៏ឈានទៅដល់ការ ឃាត់បានបុរសជនសង្ស័យជា ជនដៃដល់ត្រូវជាពូបង្កើតតែម្តង»។​

សម្រាប់មូលហេតុវិញ ជនសង្ស័យបានសារភាពថា មកពីខ្វះខាតលុយដើម្បីចិញ្ចឹមគ្រួសារ។

សូមបញ្ជាក់ថា នារីកូនរបស់មន្រ្តីរដ្ឋសភា ត្រូវជនល្មើសមិនស្គាល់អត្តសញ្ញាណ ចូលទៅរឹតកសម្លាប់ចោលដល់ក្នុងប​ន្ទប់ដេក ប្លន់យកទ្រព្យសម្បត្តិជាគ្រឿងអលង្ការ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង​ជាង១១ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

អំពើប្លន់សម្លាប់នេះ បានកើតឡើងនៅចំណុចផ្ទះលេខ៤៤៣ តាមផ្លូវបេតុង ស្ថិតនៅភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សពនារីរងគ្រោះឈ្មោះ ពៅ សុភ័ក្រ្ត អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានជនដៃដល់​យកខ្សែភ្លើង រឹតកបណ្ដាលសម្លាប់ក្នុងបន្ទប់ដេក។

តាមសេចក្តីរាយការណ៍ពីជិតខាង បានឲ្យដឹងថា អំពើឃាតកម្មនេះ បានដឹងដោយសារតែក្មេងស្រីតូចម្នាក់ ដែលជាប្អូនស្រីរបស់​នារីរងគ្រោះ បានស្រែកយំយ៉ាងខ្លាំង។ នៅពេលកើតហេតុនេះ ខណៈឪពុកម្តាយរបស់នាង បានចេញទៅធ្វើការបាត់៕