នគរបាលក្រសួងមហាផ្ទៃ ចាប់ជនសង្ស័យ២នាក់ ក្នុងករណីលួចនៅខណ្ឌដូនពេញ
10-02-2017 20:17
(ភ្នំពេញ)៖ កម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាន បានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធក្នុងករណីលួច នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចក្បែរតារាងបាល់ទះផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។
មន្ដ្រីនគរបាលបានឲ្យដឹងថា ប្រតិបត្តិនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៉ឹង យុត្ថា អនុប្រធាននាយកដ្ឋានទទួលផែន កម្លាំងការិយាល័យស៊ើបការណ៍។
នគរបាលបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនទី១៖ ឈ្មោះ ថោង ស្រស់ អាយុ២៨ឆ្នាំ និងទី២៖ ឈ្មោះ សំ វិសាល ហៅណាក់ អាយុ២៤ឆ្នាំ ក្នុងនោះកម្លាំងជំនាញដកហូតបាន ម៉ូតូមួយគ្រឿង របស់ជនរងគ្រោះដែលក្រុមជនសង្ស័យបានលួចយកមក។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕