(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានជំរុញឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងប្រព័ន្ធលូ ណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជីវករ សហការចូលរួមធ្វើអនាម័យ វេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមចំណែកប្រឡងប្រណាំងទីក្រុងស្អាត សេវាកម្មល្អ។
ការជំរុញរបស់លោក ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាសលោកចុះជួបសួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយអាជីវករផ្សារពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោកអភិបាលខេត្តបានឲ្យដឹងថា ការចុះមកនាពេលនេះ គឺជាទម្លាប់របស់លោក ក្នុងការត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការសាងសង់ដំបូលផ្សារ លើកកម្ពស់ថែទាំអនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាពជូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើកការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ សំដៅរួមចំណែកអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលលោកបានចុះសួរសុខទុក្ខអាជីវករផ្សារ ដោយមិនប្រកាន់បក្សពួក ឬប្រកាន់គោលជំហរនយោបាយណាមួយឡើយ ហើយទូរស័ព្ទទាំង២ប្រព័ន្ធរបស់លោក នឹងបើកទទួលរងចាំប្រជាពលរដ្ឋទូរស័ព្ទចូល ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងក្តីកង្វល់ណាមួយដែលកើតឡើង ឲ្យដូចជាគ្រួសារតែមួយ។
លោកអភិបាលខេត្ត បានជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ ដែលបានយកផលិតផលបន្លែបង្ការបន្តិចបន្តួចមកលក់ដូរ ព្រមទាំងផ្តល់ស្បៀងជូនដល់ជនចាស់ជរា គ្រួសារក្រីក្រ ក្មេងកំព្រា និងក្រុមគ្រួសារម៉ូតូឌុប នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕