(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានសម្តែងនូវការកោតសរសើរចំពោះសារព័ត៌មាន The Cambodia Daily មានស្ថាបនិកជាជនជាតិអាមេរិក ដែលមានសេចក្តីក្លាហានចុះផ្សាយនូវការពិតពីបញ្ហាបំណុល ដែលកម្ពុជាជំពាក់អាមេរិក ក្នុងជំនាន់ លន់ នល់ ហើយលោកបានហៅការចុះផ្សាយនេះ ជាការផ្តល់នូវភាពយុត្តិធម៌សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
ការថ្លែងរបស់លោកទេសសរដ្ឋមន្ត្រី សេរី កុសល យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Cambodia Daily ដែលជាកាសែតមានខ្នងបង្អែកអាមេរិក និងស្ថាបនិកជាជនជាតិអាមេរិកផងនោះ បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមចំណងជើងថា «សហរដ្ឋអាមេរិកគ្មានហេតុផល សីលធម៌ច្បាស់លាស់ ជុំវិញការទារបំណុលពីប្រទេសកម្ពុជា»។ ដោយក្នុងនោះបានដកស្រង់សម្តី លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក ដែលបានចុះផ្សាយ និងរៀបរាប់លម្អិតអំពីសង្រ្គាមអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងឆ្នាំ១៩៧៣ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជាអំឡុងពេលសង្រ្គាមនោះទេ»។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី សេរី កុសល បានចាត់ទុកការចុះផ្សាយអត្ថបទរបស់ សារព័ត៌មាន The Cambodia Daily អំពីបញ្ហាបំណុលឈាម ដែលកម្ពុជាជំពាក់អាមេរិកនេះ ថាជាលើកទី១ ហើយដែលសារព័ត៌មាននេះនិយាយត្រឹមត្រូវ កន្លងមកលោកមិនដែលឃើញសារព័ត៌មាននេះ និយាយអ្វីឲ្យល្អត្រឹមត្រូវដូចនេះទេ។
ជាមួយគ្នានេះ អនុប្រធានទី១ អាជ្ញាធរមីនរូបនេះ ក៏បានស្នើឲ្យក្រសួងការបរទេសកម្ពុជា ពិនិត្យមើលបញ្ហាបំណុលនេះផងដែរ ឲ្យដូចនឹងការសើរើបញ្ហា បញ្ជូនពលរដ្ឋខ្មែរ ដែលមានទោសមកកម្ពុជាវិញ ដោយលោកបានហៅការបញ្ជូននេះ ជាទង្វើមិនល្អទាល់តែសោះ ដោយអ្វីៗមិនល្អ អាមេរិករុញមកខ្មែរ អ្វីដែលល្អអាមេរិកទុកខ្លួនឯង ហើយជេរកម្ពុជាថែមទៀត។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំចាត់ទុកថា ការចុះផ្សាយរបស់សារព័ត៌មាន Cambodia Daily និយាយនៅថ្ងៃនេះ (បញ្ហាបំណុលអាមេរិក) ជាការត្រឹមត្រូវ ដែលផ្តល់យុត្តិធម៌ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំដោយសម្តេចតេជោ ហើយដែលត្រូវរងគ្រោះ ដោយសារបំណុលនេះ។...ខ្ញុំយល់ថា ក្រសួងការបរទេសកម្ពុជាយើង គួរតែពិនិត្យពីរឿងនេះ»។
លើសពីនេះទៅទៀតនោះ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បណ្តាសារព័ត៌មានទាំងអស់ ធ្វើការចុះផ្សាយបញ្ហា ការទាមទារលុបបំណុលនេះ ឲ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត។
តាមសារព័ត៌មាន Cambodia Daily ដែលជាកាសែតមានខ្នងបង្អែក និងស្ថាបនិកជនជាតិអាមេរិក បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមចំណងជើងថា «សហរដ្ឋអាមេរិកគ្មានហេតុផលសីលធម៌ច្បាស់លាស់ ជុំវិញការទារបំណុលពីប្រទេសកម្ពុជា»។ ដោយក្នុងនោះបាន ដកស្រង់សម្តី លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក ដែលបានចុះផ្សាយ និងរៀបរាប់លម្អិតអំពីសង្រ្គាមអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងឆ្នាំ១៩៧៣ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជាអំឡុងពេលសង្រ្គាមនោះទេ»។
លោកស្រីថ្លែងថា «បើតាមការប៉ាន់ស្មាននេះ ប្រហែលជាដោយសារការព្រួយបារម្ភថា សហរដ្ឋអាមេរិកប្រហែលជាត្រូវសងសំណង សង្រ្គាមសម្រាប់ការ បំផ្លិចបំផ្លាញ និងខ្លាចអតីតមន្រ្តីអាមេរិកត្រូវគេប្តឹង» ហើយលោកស្រីបានបន្តថា ការទម្លាក់គ្រាប់បែកជាច្រើន បានធ្វើឡើងដោយគ្មានអ្នកដឹង ហើយភាគតិចណាស់ ដែលថាអាចមានការព្រមព្រៀងពីអាជ្ញាធរកម្ពុជា។
លោកស្រីបានថ្លែងបន្តថា «ការបន្តចាប់ឲ្យកម្ពុជាទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះបំណុលចាស់ ក្នុងសង្រ្គាមគឺជាការលាក់ពុតត្បុត និងអសីលធម៌»។ ប្រសិនបើមានការសងបំណុលមែនលោកស្រី អេលីហ្សាបេត បេឃើ បានស្នើឲ្យសហរដ្ឋអាមេរិកយកប្រាក់ទាំងនោះ ទៅចែកចាយដល់សហគមន៍នានា នៅក្នុងប្រទេសកម្ពុជា ដែលជីវិតរស់នៅរបស់ពួកគាត់បានរងផលប៉ះពាល់ ដោយសារការទម្លាក់គ្រាប់បែក។ លោកស្រីបានបន្តថា «សហរដ្ឋអាមេរិកជំពាក់ កម្ពុជាច្រើនជាងបំណុលសង្គ្រាមឆ្ងាយណាស់ ដែលមិនអាចទូទាត់សងជាសាច់ប្រាក់បាននោះទេ»។
ពាក់ព័ន្ធនឹងបញ្ហាបំណុលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែកុម្ភៈកន្លងទៅនេះ បានថ្លែងបន្តស្នើក្នុងវេទិកាសាធារណៈ ដល់រដ្ឋាភិបាលអាមេរិក លោក ដូណាល់ ត្រាំ ឲ្យលុបបំណុលពីកម្ពុជា ដែលបានជំពាក់នៅសម័យរដ្ឋាភិបាលមិនស្របច្បាប់ លន់ នល់ ក្នុងទស្សវត្សរ៍៧០ ដែលអាមេរិកទម្លាក់គ្រាប់បែក ទាំងគ្រាប់បែកចង្កោម និងទាំងគ្រាប់បែកគីមី សម្លាប់ខ្មែរហើយ ទារលុយថែមទៀត។
ការថ្លែងយ៉ាងដូច្នេះ របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាមេរិកកាំងកុំទារលុយខ្មែរ ! ឥឡូវរកកាន់តែឃើញហើយ មិនមែនត្រឹមតែគ្រាប់បែកចង្កោមទេ មានអាវុធគីមីទៀត។ អាមេរិកាំងអើយ...ប្រធានាធិបតី ដូណាល់ត្រាំ អើយ! យ៉ាងម៉េចទៅវាយគេហើយទារលុយ! វាយយើងហើយទារលុយយើង វាមិនយល់ កន្លែងហ្នឹង!។ ឥឡូវមានចលនា ប្រជាពលរដ្ឋច្រើនកន្លែង បានគាំទ្រឲ្យលុបបំណុល។ សង្ឃឹមថា បក្សនយោបាយនានា នៅកម្ពុជាក៏គាំទ្រឲ្យលុបបំណុលនេះដែរ តែបក្សប្រឆាំងគឺជឿជាក់ថា មិនទាមទារទេព្រោះគាត់ជាកូនចៅអាមេរិក»។
នេះជាលើកទី៣ហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវជាសាធារណៈឲ្យអាមេរិកលុបចោលបំណុលដែលកម្ពុជាជំពាក់ ដោយលើកទី១ ធ្វើឡើងក្នុងពិធីបុណ្យសមុទ្រ កាលពីខែធ្នូ ឆ្នាំ២០១៦ និងលើកទី២ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោចាត់ទុកថា ជាបំណុលកខ្វក់។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់និងកំទេចភូមិ និងផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានអះអាងថា នៅក្នុងសន្និសីទតុមូលមួយនៅឯស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា រហូតដល់ពេលនេះបំណុលដែលកម្ពុជាជំពាក់នោះ បានកើនឡើងដល់ជិត៥០០លានដុល្លារហើយ។
ប្រជាពលរដ្ឋ អ្នកនយោបាយ ក៏ដូចជាសមាគមជាច្រើន នៅកម្ពុជាបានសម្តែងការខឹងសម្បានឹងសហរដ្ឋអាមេរិក ដែលអះអាងថា មិនបានពិចារណា ចំពោះសំណើសុំលុបបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយ និងសមាគមនានា នៅតែទទូចទាមទារ ឱ្យសហរដ្ឋអាមេរិក យោគយល់និងពិចារណាឡើងវិញ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពីបំណុលកម្ពុជាជំពាក់អាមេរិក៖