(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានស្រ្តីខ្មែរ៣រូបទៀតហើយ ដែលត្រូវបានជួយអន្តរាគមន៍ដោយស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសចិន។ ស្រ្តី៣នាក់នោះ ត្រូវបានមេខ្យល់ បោកជាបន្តបន្ទាប់ ទៅរៀបការជាមួយបុរសនៅប្រទេសចិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
ស្រ្តីខ្មែររងគ្រោះ៣នាក់នោះ រួមមាន ទី១.ស្រ្តីឈ្មោះ ច.ស.ស អាយុ២៣ឆ្នាំ មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានមេខ្យល់នាំទៅរៀបការ ជាមួយបុរស ជនជាតិចិននៅខេត្តហូណាន កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ ទី២.ឈ្មោះ ស.ស.រ អាយុ៣៦ឆ្នាំ មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានមេខ្យល់នាំទៅរៀបការ ជាមួយបុរសជនជាតិចិននៅខេត្តហូណាន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។ ស្រ្តីទាំងពីរនាក់ ត្រូវបានមេខ្យល់នាំទៅប្រទេសចិនដោយធ្វើដំណើរកាត់តាមប្រទេសវៀតណាម ដោយគ្មានទិដ្ឋាការ។ ស្រ្តីរងគ្រោះ បានទៅស្ថានអគ្គកុងស៊ុល នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ស្នើសុំជួយបាន ត្រឡប់មកកម្ពុជាវិញ។ ស្ថានអគ្គកុងស៊ុល បានសម្របសម្រួល អាជ្ញាធរចិន និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំទីក្រុងប៉េកាំង ដើម្បីរៀបចំមាតុភូមិនិវត្តន៍ជូនពួកគេ។ ស្រ្តីខ្មែររងគ្រោះទាំងពីរនាក់ បានមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ វេលាម៉ោង១៣:២០នាទី តាមជើងយន្តហោះ CZ6059 ។
ចំណែកទី៣ ឈ្មោះ ច.ក អាយុ២៨ឆ្នាំ មកពីស្រុកកោះធំ ខេត្តកណ្តាល ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការ ជាមួយបុរសជនជាតិចិន អំឡុងខែមេសា ឆ្នាំ២០១៣ ដោយពុំបានចុះលិខិតអាពាហ៍ពិពាហ៍ឡើយ។ ដោយពុំអាចរស់នៅជាមួយប្តីបាន ស្រ្តីរងគ្រោះបានរត់ចេញពីផ្ទះ ហើយត្រូវបានអាជ្ញាធរចិននៅទីក្រុងវិនចូវ នៃខេត្តជឺជាំង ឃុំខ្លួនពីបទស្នាក់នៅប្រទេសចិនខុសច្បាប់។ ស្ថានអគ្គកុងស៊ុលកំពុងសម្របសម្រួលជាមួយអាជ្ញាធរចិន រៀបចំមាតុភូមិនិវត្តន៍របស់ស្ត្រីរងគ្រោះរូបនេះ៕