(ជប៉ុន)៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូ ចុះទស្សនាទីតាំងសំខាន់ៗនៅក្រុង Tsukuba ក្នុងខេត្ត Ibaragi នៃប្រទេសជប៉ុន ក្នុងគោលបំណងពិនិត្យមើលការអនុវត្តល្អៗ ក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ ឧស្សាហកម្ម អាវកាស និងកសិកម្ម ក្នុងន័យផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងរវាងកម្ពុជា និងជប៉ុន។
ទីតាំងទាំងនោះមាន៖
១៖ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រឧស្សាហកម្ម និងបច្ចេកវិទ្យាជាន់ខ្ពស់ ដែលជាវិទ្យាស្ថានស្រាវជ្រាវ អំពីវិទ្យាសាស្រ្ត និងវិស្វកម្ម ដើម្បីឆ្លើយតបទៅនឹង តម្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
២៖ ភ្នាក់ងារអាវកាសជប៉ុន (JAXA) ដែលជាស្ថាប័នស្រាវជ្រាវរុករក និងរអភិវឌ្ឍកម្មវិធីអវកាស។ បច្ចុប្បន្នភ្នាក់ងារអាវកាស JAXA កំពុងផ្តល់កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ដោយផ្តល់នូវរូបភាពថត ពីលើអាកាសដោយផ្កាយរណប នូវផ្ទៃដីដាំដំនាំជាទៀងទាត់ និងអាចផ្តល់រូបភាព ស្តីពីស្ថានភាពទឹកជំនន់ផងដែរ។
៣៖ វិទ្យាស្ថានវិស្វកម្មជនបទ ដែលធ្វើការស្រាវជ្រាវ អំពីវិទ្យាសាស្ត្រ ដែលទាក់ទងទៅនឹងការអភិវឌ្ឍន៏ជនបទ និងកសិកម្ម។ វិទ្យាស្ថាននេះ កំពុងមានកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងធនធានទឹកកម្ពុជា ក្នុងការធ្វើការសិក្សាស្រាវជ្រាវ ស្តីអំពីការស្តារ និងជួសជុលប្រឡាយឡើងវិញ ប្រកបដោយគុណភាព និងប្រើវិធីសាស្ត្រដែលអាច មានចំណាយទាប។
ក្នុងការទស្សនា និងកិច្ចពិភាក្សាជាមួយគណៈគ្រប់គ្រង នៃទីតាំងទាំងនោះ លោកទេសរដ្ឋមន្ត្រី បានពិនិត្យលម្អិត នូវសកម្មភាពស្រាវជ្រាវ ក៏ដូចជាសមិទ្ធិផលនានាដែលកើតចេញពីគំនិត ច្នៃប្រឌិតខ្ពស់របស់ជប៉ុន និងស្វែងយល់ពីគំរូ នៃការផ្តល់ហិរញ្ញប្បទាន ព្រមទាំងការចូលរួមរបស់វិស័យឯកជន ក្នុងសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍន៏នានា។
លើសពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីទស្សនៈវិស័យ នៃលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងជប៉ុន និងកម្ពុជាក្នុងផ្នែកស្រាវជ្រាវ ជាពិសេស ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងអភិវឌ្ឍន៏ជនបទ ដែលកម្ពុជាកំពុងមានតម្រូវការខ្ពស់។
ជាការឆ្លើយតប ស្ថាប័នទាំងបីបានសន្យាថា នឹងបន្តគាំទ្រ និងត្រៀមខ្លួនក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ក្នុងវិស័យស្រាវជ្រាវពាក់ព័ន្ធនានា។
គូសបញ្ជាក់ថា ទីក្រុង Tsukuba នៃខេត្ត Ibaragi ជាតំបន់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រដ៏ធំមួយ ក្នុងប្រទេសជប៉ុន ដែលជាទីតាំងរបស់សហគ្រាស និងវិទ្យាស្ថានសាធារណៈ និងឯកជនជាង៣០០ស្ថាប័ន ដែលធ្វើការសិក្សាស្រាវជ្រាវ និងផ្តល់ការអប់រំកម្រិតខ្ពស់។ ទីក្រុង Tsukuba ទាក់ទាញបានអ្នកស្រាវជ្រាវ និងនិស្សិតជនជាតិជប៉ុន និងបរទេសជាច្រើនមកធ្វើធុរកិច្ច ធ្វើការសិក្សាស្រាជ្រាវ និងចូលរួមវេទិកា អន្តរជាតិសំខាន់ៗនានា៕