(ភ្នំពេញ)៖ ប្រជាពលរដ្ឋជិត១,០០០នាក់ ដែលរស់នៅក្នុងភូមិចំនួន១០ ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ នៅថ្ងៃទី១០ ខែកុម្ភៈនេះ បានថ្លែងសេចក្ដីរីករាយយ៉ាងខ្លាំង ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ របស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដឹកនាំផ្ទាល់ដោយ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ដែលបានចុះពិនិត្យព្យាបាលជំងឺទូទៅ ជាទៀងទាត់ដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនេះ។

អ្នកស្រី វណ្ណានី ដែលមកពិនិត្យព្យាបាល ក្នុងចំណោមប្រជាពលរដ្ឋជិត១,០០០នាក់ បានឲ្យដឹងថា «ពួកយើងទាំងអស់គ្នា សប្បាយចិត្ដណាស់  ពេលដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ តែងតែយកចិត្ដទុក្ខដាក់ លើពួកខ្ញុំទំាងអស់គ្នា ឲ្យតែដល់ថ្ងៃកំណត់ដែលលោកគ្រូអ្នកគ្រូ ពេទ្យចុះមកពិនិត្យ គឺគាត់ទាំងអស់គ្នា មិនដែលខកខានទេ ពិសេសពេលនេះ ជំងឺរោគស្ដ្រីរបស់ខ្ញុំ បានធូរស្រាលច្រើនណាស់ ខ្ញុំសូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាយើង សម្ដេចតេជោហ៊ុន សែន ដែលបានចាត់ឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រ មកពិនិត្យព្យាបាល ដោយឥតគិតថ្លៃនេះ ហើយយើងសង្ឃឹមថានឹងបន្ដព្យាបាលដល់ ពួកយើងជារៀងរហូតផងដែរ»

ព្រមជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងផងដែរ «ការលើកកម្ពស់សេវាសុខភាពទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) បានជួយផ្ដល់នូវភាពងាយស្រួល ដល់ប្រជាជនកាន់តែច្រើន ក្នុងការការពារសុខភាព ព្រោះថា សេវាកម្មព្យាបាលជំងឺ បានមកដល់ផ្ទះ របស់ប្រជាពលរដ្ឋយើងតែម្ដង ដូច្នេះបងប្អូនយើង ដែលរស់នៅក្នុងខណ្ឌសែនសុខ សូមមកទទួលយកនូវសេវាកម្មនេះ ឲ្យបានគ្រប់ៗគ្នា ពិសេសយើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីបម្រើសេវាកម្ម ជូនដល់ប្រជាពលរដ្ឋ យើងឲ្យបានកាន់តែប្រសើរថែមទៀត ហើយយើងនឹងបន្ដព្យាបាល ជារៀងរហូតជូនពួកគាត់»

ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក៏បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានកូនៗរបស់ខ្លួនញៀនគ្រឿងញៀន សូមកុំទុកកូនចោលឲ្យសោះ ត្រូវយកកូនមកពិនិត្យព្យាបាលជំងឺនេះ នៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ​ ​ឯកជន មណ្ឌលសុខភាព និងតាមមណ្ឌលបន្សាបគ្រឿងញៀន ដែលមានទីតាំងនៅជិតផ្ទះរបស់ពួកគាត់ឲ្យបានគ្រប់ៗគ្នា ព្រោះគ្រូពេទ្យរបស់យើង នឹងចាំព្យាបាលពួកគាត់គ្រប់ពេលវេលា។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ដែលបានចុះមកពិនិត្យព្យាបាល ប្រជាពលរដ្ឋរួមមាន ពិនិត្យភ្នែក, រោគស្ដ្រី, ជំងឺទឹកនោមផ្អែម,និងជំងឺទូទៅផ្សេងៗទៀត ដោយឥតគិតថ្លៃ៕