(សៀមរាប)៖ ថ្នាក់ដឹកនាំនៃស្ថាប័នដែលពាក់ព័ន្ធនឹងកិច្ចការអភិរក្ស និងការពារបេតិកភណ្ឌអង្គរ គឺអាជ្ញាធរជាតិអប្សរា និង នគរបាលការពារបេតិកភណ្ឌ បានជួបពិភាក្សាការងារមួយចំនួន នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរទីតាំងថ្មី នៃអង្គភាពនគរបាលការពារបេតិកភណ្ឌ នៅមុខប្រាសាទអង្គរវត្ត និង ការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់រមណីយដ្ឋាន អង្គរ។

ជាលទ្ធផលនៃកិច្ចប្រជុំ អាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌរ ក៏ព្រមព្រៀងគ្នាកំណត់យកថ្ងៃចន្ទ ជារៀងរាល់ សប្តាហ៍ ទី៤នៃខែនីមួយៗ ដើម្បីជួបពិភាក្សាការងារគ្នាជាប្រចាំ ដើម្បីដោះស្រាយបញ្ហាផ្សេងៗរួមគ្នាក្នុងតំបន់អង្គរ។ ក្រៅពីនេះ អង្គប្រជុំក៏បានលើកឡើងនូវបញ្ហាផ្សេងៗមកពិភាក្សារកដំណោះស្រាយ ដូចជាការរៀបចំសណ្តាប់ធ្នាប់លក់ដូរ នៅប្រាសាទ អង្គរវត្ត និងអង្គរធំ ការរៀបចំសណ្តាប់ អ្នកក្រាលកន្ទេល ដាក់អង្រឹងលើវាលស្មៅ មុខប្រាសាទអង្គរវត្តជាដើម។

លោក សុខ សង្វារ អគ្គនាយករង និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញសង្ខេប អំពីសាវតារ នៃការចុះបញ្ជីអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងដំណាក់កាលសំខាន់ៗនៃដំណើរការគ្រប់គ្រង រមណីយដ្ឋានអង្គរ ដូចជា ការបង្កើតគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ការកំណត់តំបន់ការពារ ការបង្កើតអាជ្ញាធរជាតិអប្សរា ការបង្កើតច្បាប់ការពារ បេតិកភណ្ឌនិងនគរបាលការពារបេតិកភណ្ឌជាដើម។ ជាមួយគ្នានេះដែរ លោកសុខ សង្វារ ក៏បាន សម្តែងនូវការអបអរសាទរ ចំពោះការឡើងកាន់តួនាទីថ្មីនៃប្រធាននាយកដ្ឋាន ការពារបេតិកភណ្ឌ គឺឧត្តមសេនីយ៍ លី ឡាយ។

លោកបានបញ្ជាក់ថា ការទទួលបានតួនាទីថ្មីនៃប្រធាននាយកដ្ឋាននៅពេលនេះ នឹងជំរុញកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។ ឧត្តមសេនីយ៍ លី ឡាយ បានបង្ហាញនូវភាពរីករាយក្នុងកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា លើការងារការពារបេតិកភណ្ឌ៕