(ភ្នំពេញ)៖ ខែដំបូង ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូល ពន្ធគ្រប់ប្រភេទ បង់ចូលថវិកាជាតិបានជិត ២៥០លានដុល្លារអមេរិក។
ការប្រកាសអំពីការប្រមូលចំណូលពន្ធនេះ ធ្វើឡើង នៅថ្ងៃទី១០ ខែកុម្ភៈនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រង ប្រមូលចំណូលប្រចាំខែមករា និងប្រចាំឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមានចូលរួម របស់អគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់។
លោក គង់ វិបុល បានសម្តែងនូវការអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
លោកបញ្ជាក់ថា «ជាលទ្ធផល ក្នុងខែមករា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ និងធ្វើបែបបទ សាលាកបត្របង់ចូលថវិកាជាតិបានចំនួន ៩៨២,៧៤៧.៧៨ លានរៀល ដែលស្មើនឹងប្រមាណជា ២៤៥.៦៩ លានដុល្លារ»។
ក្នុងគោលដៅបង្កើនផលិតភាព ក៏ដូចជាប្រសិទ្ធភាព ការងារប្រមូលចំណូលពន្ធ ព្រមទាំងបន្តជំរុញអនុវត្តនូវ ផែនការ សកម្មភាព និងកម្មវិធីកែទម្រង់របស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានផ្តល់នូវអនុសាសន៍ ណែនាំដល់អង្គភាពក្រោមឱវាទពន្ធដារ ដូចខាងក្រោម ៖
១៖ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
២៖ ពង្រឹងការដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ជាពិសេស ការប្រកាសបង់ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ២០១៦ តាមរយៈការពិនិត្យតាមដានជាប្រចាំចំពោះការបង់ប្រាក់ពន្ធ, ការរំឭកសហគ្រាសដែលមិនមកដាក់លិខិតប្រកាសបង់ប្រាក់ពន្ធ, ការបង្កើនការពិនិត្យផ្ទៀងផ្ទាត់វិក្កយបត្រអាករ (VAT Cross Checking), ការត្រួតពិនិត្យលើវិធានការប្រើប្រាស់វិក្កយបត្រ។
៣៖ ពង្រឹងការគ្រប់គ្រងប្រមូលអាករពិសេស តាមរយៈការពង្រឹងកិច្ចសហការជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការរៀបចំបោះពុម្ពសន្លឹកតែមប្រិ៍អាករថ្មី ដែលមានលក្ខណៈស្របតាមបច្ចេកវិទ្យាខ្ពស់ និងប្រកបដោយសុវត្ថិភាព ងាយស្រួលក្នុងការគ្រប់គ្រងតាមដាន និងមិនអាចក្លែងបន្លំបាន។
៤៖ ពង្រឹងការប្រមូលពន្ធ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់អចលនទ្រព្យ ព្រមទាំងពន្ធលើអចលនទ្រព្យ តាមរយៈការធ្វើបច្ចុប្បន្នភាពអចលនទ្រព្យទូទាំងប្រទេស។
៥៖ ពង្រឹងការគ្រប់គ្រងប្រមូលពន្ធ លើសហគ្រាសក្នុងវិស័យទូរគមនាគមន៍ វិស័យសំណង់់ និងវិស័យដឹកជញ្ជូន។
៦៖ បន្តនីតិវិធីនៃការចុះអង្កេតស្រាវជ្រាវសហគ្រាសតាមដងផ្លូវ (Street Survey) ដើម្បីឲ្យសហគ្រាសដែលមិនបានចុះបញ្ជីត្រឹមត្រូវ ឬលាក់ខ្លួនមិនព្រមមកចុះបញ្ជីពន្ធដារ នៅក្នុងខណ្ឌនានានៃរាជធានីភ្នំពេញ ឲ្យបានមកចុះបញ្ជីពន្ធដារ បានគ្រប់ៗគ្នា។
៧៖ ពង្រឹង និងបង្កើនប្រសិទ្ធភាពគ្រប់គ្រងការប្រមូល ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ គ្រប់ប្រភេទតាមរយៈ ការចុះត្រួតពិនិត្យការអនុវត្តបង់ពន្ធប្រភេទនេះ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
៨៖ ពង្រឹងអភិបាលកិច្ចល្អរបស់រដ្ឋបាលសារពើពន្ធ តាមរយៈការធ្វើកំណែទម្រង់រចនាសម្ព័ន្ធការងារ និងប្រព័ន្ធការងារ ការពង្រឹងមុខងារភារកិច្ចរបស់អង្គភាពក្រោមឱវាទទាំងអស់ ដើម្បីរៀបចំក្របខ័ណ្ឌប្រព័ន្ធការងារមួយដែលមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា និងជួយជំរុញបង្កើនប្រសិទ្ធភាព និងផលិតភាព ការងាររបស់អគ្គនាយកដ្ឋានពន្ធដារ។
៩៖ បន្តលើកកម្ពស់ និងបញ្ជ្រាបវប្បធម៌នៃការបង់ពន្ធឲ្យបានជ្រួតជ្រាបកាន់តែប្រសើរថែមទៀត ជាពិសេស ការអនុវត្តច្បាប់ស្តីពីសារពើពន្ធ នៅក្នុងចំណោមធុរជនគ្រប់មជ្ឈដ្ឋាន តាមរយៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រព័ន្ធពន្ធដារកម្ពុជា។
១០៖ បន្តអប់រំណែនាំ ពង្រឹងការអនុវត្តច្បាប់ និងសមត្ថភាពមន្រ្តីពន្ធដារគ្រប់លំដាប់ថ្នាក់ ពង្រឹងអភិបាលកិច្ចល្អរបស់រដ្ឋបាលសារពើពន្ធ ជាពិសេសការកែប្រែផ្នត់គំនិត (Mindset) របស់មន្រ្តីរាជការពន្ធដារគ្រប់រូបឲ្យយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយឈរលើមនសិការវិជ្ជាជីវៈ និងស្មារតីតម្កល់ផលប្រយោជន៍ជាតិជាចម្បង ដោយចូលរួមអនុវត្តព្រមៗគ្នានូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាធានាបាននូវប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ ដោយផ្អែកលើអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង ព្យាបាលជម្ងឺ» ដែលបានដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី និងអភិក្រមការងារទាំងបួន ដែលបានដាក់ចេញដោយឯកឧត្តមទេសរដ្ឋមន្ត្រី។
ជាមួយគ្នានេះ លោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ គ្រប់អង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាង សកម្មក្នុងការខិតខំ ប្រឹងប្រែងប្រមូលចំណូលរហូតទទួលបាន លទ្ធផលយ៉ាងល្អប្រសើរ ដែលនេះគឺជាជោគជ័យរួម របស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះថា ប្រសិនបើមិនមានការចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធ លទ្ធផលប្រមូលចំណូលពន្ធនេះ នឹងមិនអាចសម្រេចទៅប្រកបដោយលទ្ធផលត្រចះត្រចង់បែបនេះបានឡើយ៕