(ភ្នំពេញ)៖ ឈ្មួញរកស៊ីរថយន្ដស៊េរីទំនើបម្នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រហូតត្រូវបានតុលាការរាជធានីភ្នំពេញ ចាប់ដាក់គុក២ឆ្នាំ តាមសាលដីការបស់សាលាដំបូង រាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលគេស្គាល់ថា ជាថៅកែនាំចូលរថយន្ដប្រភេទទំនើបៗមកកម្ពុជា ក្រោយបោកលុយពីអ្នកទិញចំនួន១០ម៉ឺនដុល្លារនោះ ឥឡូវមានអ្នករស់នៅសៀមរាបម្នាក់ បានអះអាងថា ខ្លួនក៏ត្រូវបានជននោះឆរបោកប្រាក់អស់ចំនួន៤ម៉ឺនដុល្លារផងដែរ សម្រាប់ការបញ្ជាទិញរថយន្ដសេរីទំនើប កាលពីបរទេសនាពេលកន្លងទៅ។
ជនជាប់ចោទរូបនោះ គឺមានឈ្មោះ ឈៀង សុផល ភេទប្រុស អាយុ៣៩ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១១១៩៥១០៤ ដែលមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២០៧ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាម្ចាស់ក្រុមហ៊ុន Asia Business Solution (Cambodia) Co,.Ltd ដែលនាំចូល និងលក់ចែកចាយរថយន្ដទំនើបៗ មកពីអាមេរិក។
លោក ថោង ចាន់ធីរ៉ូ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៩ ផ្លូវបេតុង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប អះអាងថា ខ្លួនគាត់ក៏ត្រូវជនរូបនេះ ឆរបោកប្រាក់អស់ចំនួន ៤ម៉ឺនដុល្លារ ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ន មិនបានទាំងរថយន្ដ មិនសង់ទាំងប្រាក់កក់នោះទៀត។
លោក ថោង ចាន់ធីរ៉ូ បានបញ្ជាក់ទៀតថា កន្លងទៅកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ លោកបានដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ពីបទ ឆរបោក តាមបញ្ញាត្តិមាត្រា ៣៧៧, ៣៧៨ នៃក្រមនីតីវិធីព្រហ្មទណ្ឌ និងមានដីកាបង្គាប់ឱ្យនាំខ្លួន លេខ៥៨ «ភ» ដជន សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយចៅក្រមស៊ើបសួរ លោក ជួន សុរាសី បង្គាប់មកកងកម្លាំងនាំខ្លួន ឈ្មោះខាងលើនេះមកប្រគល់ជូន សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
ម្ចាស់ពាក្យបណ្ដឹងរូបនេះ បានបន្ដឱ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ រូបគាត់ត្រូវបានឈ្មោះ ឈៀង សុផល លួងលោមឱ្យទិញរថយន្ដ ០១គ្រឿង ម៉ាក RANG ROVER SPORT សេរីឆ្នាំ២០១០ ពណ៌ស ដោយគាត់ (ឈៀង សុផល) លក់ឱ្យក្នុងតម្លៃ ៥៧,០០០ដុល្លារអាមេរិក ហើយជននោះ បានលួងលោមឱ្យបង់ប្រាក់កក់ចំនួន៧០% ស្មើនិង ៤ម៉ឺនដុល្លារអាមេរិក ជាមុនសិន ដើម្បីយករថយន្ដពីបរទេសមកលក់ឱ្យ ដោយប្រាក់ថាតែ ០៥សប្ដាហ៍ ឬ យ់ាងយូរបំផុត ០៧សប្ដាហ៍ប៉ុណ្ណោះរថយន្ដនឹងមកដល់ ។
លោកបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានប្រាក់ចំនួន ៤ម៉ឺនដុល្លារគាត់ (ឈៀង សុផល) មិនបានយករថយន្ដ មកប្រគល់ឱ្យខ្លួនតាមការកំណត់នោះទេ ហើយគ្រប់ពេលដែលលោក បានសួរនាំ និងតម្រូវឱ្យគាត់ប្រគល់ប្រាក់បង់មុខនោះមកសងវិញ គាត់មានចេតនាគេចវេស រហូតដល់ពេលបច្ចុប្បន្ននេះ។ ដោយទង្វើគេចវេសនេះហើយ ទើបគាត់ទ្រាំលែងបាន ហើយបានសម្រេចចិត្តដាក់ពាក្យបណ្ដឹង ដើម្បីរកយុត្តិធម៌ ក្នុងការសុំទាមទារប្រាក់ដើមចំនួន៤ម៉ឺនដុល្លារ និងប្រាក់ជម្ងឺចិត្តចំនួន១ម៉ឺនដុល្លារ ពីលោក ឈៀង សុផល។
លោកបានរំលឹកថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរូបនោះ (ឈៀង សុផល) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយត្រូវបានតុលាការរាជធានីភ្នំពេញ ចាប់ដាក់គុក២ឆ្នាំ តាមសាលដីការបស់ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅលើបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ថៃ ឈុនគ្រី ក្នុងបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន នៃករណីឆបោកប្រាក់ ១០ម៉ឺនដុល្លារអាមេរិក ក្នុងការបញ្ជាទិញរថយន្ដ ០១គ្រឿង ម៉ាក Land Rover Vogue ស៊េរីឆ្នាំ២០១៤។
លោក ថោង ចាន់ធីរ៉ូ បានសំណូមពរ ដល់អាជ្ញាធរ សមត្ថកិច្ចខាងសាលាដំបូងរាជធានីភ្នំពេញ មេត្តាជួយផ្ដល់នូវយុត្តិធម៌ ជូនចំពោះរូបគាត់ដែលជាជនរងគ្រោះ ក្នុងអំពើឆរបោកនេះ គឺទី១៖ សុំទាមទារប្រាក់ដើមវិញចំនួន ៤០,០០០ដុល្លារ និងសងនូវប្រាក់ជម្ងឺចិត្តចំនួន ១០,០០០ដុល្លារពីឈ្មោះ ឈៀង សុផល ចំពោះក្នុងករណីរឹងរួស គឺលោកសុំឱ្យសមត្ថកិច្ចអនុវត្តតាមនីតិ វិធីច្បាប់ជាធរមាន៕