(កំពត)៖ ប្រជានេសាទសមុទ្រ ជាខ្មែរឥស្លាម រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ចំនួនប្រមាណ១២០នាក់ បើកទូក៥២គ្រឿង ឡើងមកចតមុខសាលាខេត្តកំពត នៅរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដើម្បីធ្វើការតវ៉ា ជួយឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយទប់ស្កាត់ការចូល របស់ទូកនេសាទវៀតណាម ដែលចូលមកនេសាទដោយខុសច្បាប់ ក្នុងដែនសមុទ្រខ្មែរ ហើយប្រើឧបករណ៍ខុសបច្ចេកទេស ដែលមិនអាចទទួលយកបាន។
ទោះបីយ៉ាងណាក៏ដោយ នៅរសៀលនេះ អាជ្ញាធរខេត្ត រួមជាមួយលោកស្នងការនគរបាលខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ លោកឧត្តមសេនីយ៍ទោ ទូច ពល: អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ កំពុងរកដំណោះស្រាយ និងចាត់វិធានការណ៍ តាមសំនូមពរ របស់ខាងក្រុមប្រជានេសាទ៕