(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់អនុសាសន៍បន្តក្រើនរំលឹក ដល់កម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការតាមមូលដ្ឋានទាំងអស់ ឱ្យយកចិត្តទុកដាក់តាមបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្មឆក់ប្លន់ ឲ្យដូចភ្លៀងរលឹម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងមុតមាំបែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ក្រុង-ស្រុក ខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា «ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម រួមមានការបង្ក្រាបនូវបទល្មើសផ្សេងៗ ជាពិសេសគឺការបង្ក្រាបបទល្មើសគ្រឿងញៀន ចោរកម្មឆក់ប្លន់ ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ»។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី ថែមទាំបានផ្ដាំផ្ញើដល់កម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការបន្តថា ត្រូវបន្តយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានប្រសិទ្ធភាព ជាពិសេសការផ្ដល់សេវាតម្រូវការ ហើយត្រូវអនុវត្តតាមច្បាប់កំណត់។ សម្តេចថ្លែងថា «ក្នុងនាមជាមន្ត្រី ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ហើយត្រូវខិតខំបំបាត់ឲ្យអស់នូវភាពអសកម្មនានា ដែលអាចធ្វើឲ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ត្រូវសហការគាំទ្រគយ និងពន្ធដា ក្នុងការប្រមូលពន្ធឲ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងចំណូលថវិកាជាតិ»៕