(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន បានជឿ​ជាក់ថា គម្រោងបណ្តឹង​របស់លោក សម រង្ស៊ី ដែលចង់ប្តឹងសម្តេចតេជោ ហ៊ុន សែន និង សម្តេច ហេង សំរិន ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅនឹងមិនមាន​ប្រសិទ្ធភាពទេ។

អ្នកនាំពាក្យរូបនេះ បានចាត់ទុកថា ការប្រកាសអំពីការប្តឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ដែលធ្វើឡើង​ដោយ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេសនោះ គ្រាន់តែជាការបំភាន់​សាធារណៈ​មតិ និងស្វែងរកការចាប់អារម្មណ៍តែប៉ុណ្ណោះ។

លោក សុខ ឥសាន បានអះអាងបែបនេះថា «ទោះបី សម រង្សី ដាក់ពាក្យប្តឹងប៉ុន្មានដងទៀត ក៏តុលាការមិនយកភ្នែកមើលដែរ។ ប៉ុន្តែការប្តឹងរបស់ សម រង្សី វាគ្រាន់តែជាការភូតកុហក់ និងបោកប្រាស់បំភាន់សាធារណៈមតិទូទៅ និងបំភាន់មតិប្រជាជន​ប៉ុណ្ណោះ។ ដូច្នេះការប្តឹងរបស់ សម រង្សី គ្មានប្រយោជន៍ និង មិនមានប្រសិទ្ធភាពអ្វីទាល់តែសោះ។

ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជន បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានព្រមានកសាងសំណុំរឿងប្តឹង សម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយចោទថា មានការពាក់ព័ន្ធនឹង​បទល្មើស​ប្រឆាំងមនុស្សជាតិ នៅក្នុងផែនការ «ក៥» កាលពីទស្សវត្សឆ្នាំ៨០។

លោក សុខ ឥសាន បានបញ្ជាក់ថា «តាមគោលការណ៍ បទបញត្តិពិសេស សន្ធិសញាទីក្រុងរ៉ូម ឆ្នាំ ១៩៩៧ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មានសមត្ថកិច្ចទទួលដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹង ឧក្រឹដ្ឋកម្មឈ្លានពាន, ឧក្រឹដ្ឋកម្មសង្គ្រាម, ឧក្រឹដ្ឋកម្មប្រល័យពូជសាសន៍, ឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិដែលពាក់ព័ន្ធនឹងបទល្មើសក្រោយឆ្នាំ១៩៩៨តែប៉ុណ្ណោះ ។ រាល់បញ្ហាកើតទ្បើងមុនឆ្នាំ ១៩៩៨ តុលាការមិនពិនីត្យដោះស្រាយទេ»