(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលជាគណបក្សរាជានិយមមួយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបង្ហាញជំហរគាំទ្រ ឱ្យមានយុទ្ធនាការទាមទារឱ្យសហរដ្ឋអាមេរិក លុបបំណុលដែលកម្ពុជាបានជំពាក់កាលពីសម័យសាធារណរដ្ឋខ្មែរ ដែលដឹកនាំដោយ លោកសេនាប្រមុខ លន់ នល់។
លោក ញឹក ប៊ុនឆៃ បានលើកឡើងថា គណបក្សខ្មែររួបរួមជាតិគាំទ្រ នូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលទាមទារឱ្យសហរដ្ឋអាមេរិកលុបបំណុលដែលកម្ពុជាបានជំពាក់ ហើយលោកសង្កេតឃើញថា បន្ទាប់ពីការអំពាវនាវរបស់រាជរដ្ឋាភិបាលឱ្យលុបបំណុលនេះ មានប្រជាពលរដ្ឋជាច្រើនបានគាំទ្រ ហើយចេញមុខទាមទារឱ្យមានការលុបបំណុលនេះដែរ។
លោកបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា «យើងគាំទ្រនូវអ្វីដែល ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណា លុបបំណុលដែលកម្ពុជាបានជំពាក់កាលពីទស្សវត្សឆ្នាំ៧០»។
លោកបានបន្ថែមថា «ការជំពាក់បំណុលនេះ គឺជាការជំពាក់បំណុលយោធា បានន័យថា យកគ្រាប់រំសេវ និងគ្រប់ដទៃទៀត មកធ្វើឱ្យពលរដ្ឋខ្មែរស្លាប់ និងពិការ។ បំណុលនេះមិនមែនជាបំណុលដែលយកមកជួយដល់កម្ពុជានោះទេ»។
តាមសារព័ត៌មាន Cambodia Daily ដែលជាកាសែតមានខ្នងបង្អែក និងស្ថាបនិកជនជាតិអាមេរិក បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមចំណងជើងថា «សហរដ្ឋអាមេរិកគ្មានហេតុផលសីលធម៌ច្បាស់លាស់ ជុំវិញការទារបំណុលពីប្រទេសកម្ពុជា»។ ដោយក្នុងនោះបាន ដកស្រង់សម្តី លោកស្រី អេលីហ្សាបេត បេឃើ (Elizabeth Becker) ជាអ្នកកាសែត និងជាអ្នកនិពន្ធអាមេរិក ដែលបានចុះផ្សាយ និងរៀបរាប់លម្អិតអំពីសង្រ្គាមអាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងឆ្នាំ១៩៧៣ បាននិយាយថា៖ «រដ្ឋាភិបាលអាមេរិកមិនដែលទទួលខុសត្រូវតាមផ្លូវច្បាប់ ចំពោះការខូចខាតដ៏ធំធេង ដែលខ្លួនបានបង្កឡើងទៅលើជនស៊ីវិល និងប្រទេសកម្ពុជាអំឡុងពេលសង្រ្គាមនោះទេ»។
លោកស្រីថ្លែងថា «បើតាមការប៉ាន់ស្មាននេះ ប្រហែលជាដោយសារការព្រួយបារម្ភថា សហរដ្ឋអាមេរិកប្រហែលជាត្រូវសងសំណង សង្រ្គាមសម្រាប់ការ បំផ្លិចបំផ្លាញ និងខ្លាចអតីតមន្រ្តីអាមេរិកត្រូវគេប្តឹង» ហើយលោកស្រីបានបន្តថា ការទម្លាក់គ្រាប់បែកជាច្រើន បានធ្វើឡើងដោយគ្មានអ្នកដឹង ហើយភាគតិចណាស់ ដែលថាអាចមានការព្រមព្រៀងពីអាជ្ញាធរកម្ពុជា។
លោកស្រីបានថ្លែងបន្តថា «ការបន្តចាប់ឲ្យកម្ពុជាទទួលខុសត្រូវតាមផ្លូវច្បាប់ចំពោះបំណុលចាស់ ក្នុងសង្រ្គាមគឺជាការលាក់ពុតត្បុត និងអសីលធម៌»។ ប្រសិនបើមានការសងបំណុលមែនលោកស្រី អេលីហ្សាបេត បេឃើ បានស្នើឲ្យសហរដ្ឋអាមេរិកយកប្រាក់ទាំងនោះ ទៅចែកចាយដល់សហគមន៍នានា នៅក្នុងប្រទេសកម្ពុជា ដែលជីវិតរស់នៅរបស់ពួកគាត់បានរងផលប៉ះពាល់ ដោយសារការទម្លាក់គ្រាប់បែក។ លោកស្រីបានបន្តថា «សហរដ្ឋអាមេរិកជំពាក់ កម្ពុជាច្រើនជាងបំណុលសង្គ្រាមឆ្ងាយណាស់ ដែលមិនអាចទូទាត់សងជាសាច់ប្រាក់បាននោះទេ»។
ពាក់ព័ន្ធនឹងបញ្ហាបំណុលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៨ ខែកុម្ភៈកន្លងទៅនេះ បានថ្លែងបន្តស្នើក្នុងវេទិកាសាធារណៈ ដល់រដ្ឋាភិបាលអាមេរិក លោក ដូណាល់ ត្រាំ ឲ្យលុបបំណុលពីកម្ពុជា ដែលបានជំពាក់នៅសម័យរដ្ឋាភិបាលមិនស្របច្បាប់ លន់ នល់ ក្នុងទស្សវត្សរ៍៧០ ដែលអាមេរិកទម្លាក់គ្រាប់បែក ទាំងគ្រាប់បែកចង្កោម និងទាំងគ្រាប់បែកគីមី សម្លាប់ខ្មែរហើយ ទារលុយថែមទៀត។
ការថ្លែងយ៉ាងដូច្នេះ របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អាមេរិកកាំងកុំទារលុយខ្មែរ ! ឥឡូវរកកាន់តែឃើញហើយ មិនមែនត្រឹមតែគ្រាប់បែកចង្កោមទេ មានអាវុធគីមីទៀត។ អាមេរិកាំងអើយ...ប្រធានាធិបតី ដូណាល់ត្រាំ អើយ! យ៉ាងម៉េចទៅវាយគេហើយទារលុយ! វាយយើងហើយទារលុយយើង វាមិនយល់ កន្លែងហ្នឹង!។ ឥឡូវមានចលនា ប្រជាពលរដ្ឋច្រើនកន្លែង បានគាំទ្រឲ្យលុបបំណុល។ សង្ឃឹមថា បក្សនយោបាយនានា នៅកម្ពុជាក៏គាំទ្រឲ្យលុបបំណុលនេះដែរ តែបក្សប្រឆាំងគឺជឿជាក់ថា មិនទាមទារទេព្រោះគាត់ជាកូនចៅអាមេរិក»។
នេះជាលើកទី៣ហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវជាសាធារណៈឲ្យអាមេរិកលុបចោលបំណុលដែលកម្ពុជាជំពាក់ ដោយលើកទី១ ធ្វើឡើងក្នុងពិធីបុណ្យសមុទ្រ កាលពីខែធ្នូ ឆ្នាំ២០១៦ និងលើកទី២ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោចាត់ទុកថា ជាបំណុលកខ្វក់។
អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ សម្លាប់ដោយផ្ទាល់និងកំទេចភូមិ និងផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង។
អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានអះអាងថា នៅក្នុងសន្និសីទតុមូលមួយនៅឯស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា រហូតដល់ពេលនេះបំណុលដែលកម្ពុជាជំពាក់នោះ បានកើនឡើងដល់ជិត៥០០លានដុល្លារហើយ។
ប្រជាពលរដ្ឋ អ្នកនយោបាយ ក៏ដូចជាសមាគមជាច្រើន នៅកម្ពុជាបានសម្តែងការខឹងសម្បានឹងសហរដ្ឋអាមេរិក ដែលអះអាងថា មិនបានពិចារណាចំពោះសំណើសុំលុបបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋខ្មែរ អ្នកនយោបាយ និងសមាគមនានា នៅតែទទូចទាមទារឱ្យសហរដ្ឋអាមេរិក យោគយល់និងពិចារណាឡើងវិញ។
បើតាមយោបល់ លោក ញឹក ប៊ុនឆៃ, ពេលនេះគួរតែថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ពិចារណាក្នុងការលុបបំណុល ឬបង្វែរបំណុលទាំងនោះ ទៅជាជំនួយវិញ ដើម្បីអភិវឌ្ឍកម្ពុជា ឬជួយពលរដ្ឋខ្មែរដែលរងគ្រោះកាលពីសម័យនោះ ឬក៏ជួយដល់ការដោះមីនដែលសេសសល់ពីសម័យសង្រ្គាម៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពីបំណុលកម្ពុជាជំពាក់អាមេរិក៖