(ភ្នំពេញ)៖ ក្រោយទទួលបានការជួយអន្តរាគមន៍ពីសំណាក់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួចមក លោក កៅ ម៉ាធីឡែន ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ បានចេញមុខថ្លែងអំណរគុណចំពោះ លោកទេសរដ្ឋមន្រ្តី ដែលបានផ្ដល់សំណងដល់គ្រួសារជនរងគ្រោះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយមន្រ្តីសុរិយោដីខេត្តក្រចេះ។ នេះបើយោងតាមលិខិតមួយ ដែលប្រធានមន្ទីរខាងលើ ផ្ញើជូន លោក ជា សុផារ៉ា។
ជនរងគ្រោះដែលលើកឡើងខាងលើមានឈ្មោះ សម សុគន្ធធីតា បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅមុខវិទ្យាល័យព្រះកុសមៈ ខេត្តក្រចេះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
បើតាមការបញ្ជាក់ឲ្យដឹងនៅលើ Facebook របស់សាច់ញាតិក្មេងស្រីរងគ្រោះ បានឲ្យដឹងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ថា មានស្រ្តីមេម៉ាយម្នាក់ បានចេញមុខសុំឲ្យលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ជួយអន្តរាគមន៍រកយុត្តិធម៌ឲ្យជនរងគ្រោះផង ក្រោយមន្រ្តីសុរិយោដីខេត្តក្រចេះម្នាក់ បានបើកឡានបុកកូនស្រីរបស់ខ្លួន ស្លាប់បាត់បង់ជីវិត ហើយមិនទទួលខុសត្រូវ។
ក្រោយដឹងព័ត៌មាននេះហើយ លោកទេសរដ្ឋមន្រ្តីបានចេញអន្តរាគមន៍ភ្លាមៗ ដោយបានធ្វើការសម្របសម្រួល និងផ្ដល់សំណងដល់គ្រួសារជនរងគ្រោះយ៉ាងសមរម ជំនួសមន្រ្តីសុរិយោខាងលើ។
ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណរបស់មន្ទីររៀបចំដែនដីខេត្តក្រចេះ ជូនចំពោះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា៖