(ប៉ៃលិន)៖ លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូល ប្រចាំខេត្តប៉ៃលិន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានសហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យ និងដកហូត ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទកំនត់ នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ និងអាជីវករបោះដុំនៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។
លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូល ប្រចាំខេត្តប៉ៃលិន បានឱ្យដឹងថា ជារៀងរាល់ខែ សាខាកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យទំនិញ និងដកហូតទំនិញ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំនត់ប្រើប្រាស់ ព្រមទាំងណែនាំ ដល់អាជីវករឲ្យបញ្ឈប់នាំ ទំនិញហួសកាលកំណត់ និងទំនិញខូចគុណភាព ដាក់តាំងលក់នៅលើទីផ្សារ ដើម្បីការពារសុខភាព
ប្រជាពលរដ្ឋ។
លោកបន្តថា កន្លងមកប្រជាពលរដ្ឋតែងតែ ទិញទំនិញយកទៅប្រើប្រាស់មិនដឹងថា ទំនិញនោះមានគុណភាព ឬក៏ខូចគុណភាពនោះទេ ដែលបញ្ហានេះសាខាកាំកុងត្រូល និងមន្ត្រីជំនាញ
ពាក់ព័ន្ធបន្តយកចិត្តទុកដាក់ ផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យបានយល់ដឹងពី ផលបះពាល់នៃការប្រើប្រាស់ ទំនិញខូចគុណភាព និងចូលរួមទប់ស្កាត់ កុំឲ្យមានលក់
នៅលើទីផ្សារតទៅទៀត។
នៅក្នុងពេលចុះត្រួតពិនិត្យទំនិញ នៅតាមតូបនីមួយៗលោក គិត សុវណ្ណា ក៏បានធ្វើការពន្យល់ណែនាំ ដល់អាជីវករទាំងអស់ កុំយកទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មកដាក់តាំងលក់ជាដាច់ខាត ដែលធ្វើឲ្យប៉ះពាល់ដល់ សុខភាពយ៉ាងខ្លាំង។
ទន្ទឹមនេះ អាជីវករទាំងអស់មុន និងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើល កាលបរិច្ឆេទផលិត និងក្រុមហ៊ុនឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេល សមត្ថកិច្ចកាំកុងត្រូល
ចុះពិនិត្យឃើញហួសកំណត់ គឺដកហូតដែលនាំឲ្យខាតបង់ សេដ្ឋកិច្ចគ្រូសារ និងខាតបង់វេលា និងថវិកាផងដែរ ហើយបើសិនអាជីវករណា មិនគោរពនិងធ្វើតាមការណែនំារបស់សាខា
កាំត្រូលនៅតែបន្តយកទំនិញ ដែលខូចគុណភាពយកតាំងលក់ឲ្យប្រជាជន ដែលបណ្តាលឲ្យខូចសុខភាព និងត្រូវធ្វើទៅតាមច្បាប់ដោយមាត្រាទី១៦ និង៦៣ ដោយផ្តន្ទទោសពី១ខែ
ទៅ១ឆ្នាំ។
គួរបញ្ជាក់ថា ក្នុងពេលចុះពិនិត្យទំនិញសមត្ថកិច្ចសាខាកាំកុងត្រូលខេត្ត បានដកហូតទំនិញខូចគុណភាពមួយចំនួនពីអាជីវករដើម្បីយកទៅកំទេចចោលរួមមាន៖ ទឹកក្រូចដបតូចនិងធំ ៥៦៨ដប ទឹកក្រូចកំប៉ុង ៣២កំប៉ុង មីកំប៉ុង ០២កំប៉ុង ទឹកដោះគោជូកូនក្មេង១៧ ដប នំស្រួយដំឡូង២៥៣កញ្ចប់តូច និង២៦កញ្ចប់ធំ៕