Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ក្រើន​រំលឹក​ជាថ្មី ឱ្យ​អាជ្ញាធរ​ខេត្តព្រៃវែង​ ទប់ស្កាត់​ ការជួលដី​នៅ​តាមព្រំដែន​ (Video inside)

10-02-2017 17:26

(ព្រៃវែង)៖ ខណៈចុះទៅពិនិត្យកិច្ចការនៅខេត្តព្រៃវែង ជាខេត្តជាប់ព្រំដែនវៀតណាមមួយរបស់កម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកជាថ្មីម្តងទៀត ឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ទប់ស្កាត់ និងចៀសវាង ការជួលដីតាមព្រំដែន ឱ្យទៅជនជាតិវៀតណាម។

សម្តេចតេជោ បានបន្តថា មន្ត្រីអាជ្ញាធរខេត្ត ត្រូវមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ជាមួយអាជ្ញាធរវៀតណាម ដើម្បីបង្កលក្ខណៈឲ្យ ប្រជាពលរដ្ឋងាយស្រួល ក្នុងការរកស៊ីជាមួយគ្នា ព្រោះថាខេត្តព្រៃវែង គឺជាខេត្ត ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ។ បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បាន អរគុណដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍន៍ ខេត្តព្រៃវែង ឲ្យកាន់តែរីកលូតលាស់ទៅមុខផងដែរ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យ អាជ្ញាធរត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហា ជម្លោះដី ធ្លីជូនប្រជាពលរដ្ឋឲ្យបានរហ័ស និងមានប្រសិទ្ធភាព។ អាជ្ញាធរខេត្តត្រូវ ផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវសារាចរអំពីផ្សារលក់ ដូរ និងសារាចរ ស្ដីពីការ លុបការបង់ថ្លៃការលក់តាម កញ្ច្រែង កញ្ចើ ល្អី។

សម្តេចបានបន្ថែមឲ្យដឹងទៀតថា កិច្ចការដែលសម្រេចទៅ បានដោយជោគជ័យ គឺអាស្រ័យដោយមានការចូលរួមពី គ្រប់មជ្ឈដ្ឋាន ទាំងអស់ ប្រកបដោយមនសិការ និងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ ម្តងហើយម្តងទៀត ជុំវិញការទបប់ស្កាត់ឲ្យបាន ការលក់ ឬជួលដី ទៅឲ្យប្រជាជននៃបណ្តាប្រទេសនៅជាប់ព្រំដែនកម្ពុជា ជាពិសេសគឺប្រទេសវៀតណាម។

កន្លងមក មានសាធារណជនមួយចំនួន បានរិះគន់ថា រហូតមកដល់ពេលនេះ នៅតែមានការលក់ ឬ ជួលដី ទៅឲ្យប្រជាជន វៀតណាម។ ប៉ុន្តែជុំវិញការលើកឡើងនេះអាជ្ញាធរ ប្រចាំតំបន់ជាប់ព្រំដែនកម្ពុជា បានអះអាងឲ្យ ដឹងថា គ្មានការការលក់ ឬជួលដី ទៅឲ្យប្រជាជនវៀតណាមឡើយ៕