(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ សម្តេចបានបញ្ជាក់ថា ចាប់ពីខែមេសា ឆ្នាំ២០១៧ខាងមុខ តម្លៃអគ្គិសនី នៅតំបន់មួយចំនួន ក្នុងខេត្តព្រៃវែង នឹងធ្លាក់ចុះទៅតាមចំនួននៃការប្រើប្រាស់ថាមពល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «ចាប់ពីខែមេសា ឆ្នាំ២០១៧តទៅ តំបន់មួយចំនួន នៅក្នុងខេត្តព្រៃវែង តម្លៃអគ្គីសនីក្នុង១គីឡូវ៉ាត់ម៉ោង ត្រូវបានធ្លាក់មកនៅត្រឹម៤៨០រៀល សម្រាប់អ្នកប្រើប្រាស់ ក្រោម១០គីឡូវ៉ាត់ម៉ោង ៦១០រៀល សម្រាប់អ្នកប្រើប្រាស់ក្រោម៥០គីឡូវ៉ាត់ម៉ោងនិង ៧៩០រៀល សម្រាប់អ្នកប្រើប្រាស់ លើស៥០គីឡូវ៉ាត់ ម៉ោង»។
សូមជម្រាបថា នៅព្រឹកព្រលឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរតាមរថយន្ត ពីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រៃវែង ដើម្បីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការកម្លាំងប្រដាប់អាវុធ។
ក្នុងឱកាសចុះជួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានចុះតាមសាលាដើម្បីជួបសួរសុខទុក្ខ និងដោះស្រាយ សំណូមពររបស់សិស្សានុសិស្ស និងលោកគ្រូអ្នក ជុំវិញការសាងសង់សាលារៀន ទីចាត់ការ និងអគារស្នាក់នៅជាដើម។
សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធនាការ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ គ្រប់ខេត្តទូទាំងប្រទេសកម្ពុជា ដោយគិតមកដល់ពេលនេះ សម្តេចតេជោ បានចុះសំណេះសំណាលចំនួន២៤រាជធានី-ខេត្តរួចហើយ នៅតែខេត្តកោះកុងមួយប៉ុណ្ណោះ៕