(ភ្នំពេញ)៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ប្រធានាធិបតីចិនលោក ស៊ី ជីនពីន ដោយផ្ទាល់មាត់ថា សេតវិមានអាមេរិកនឹងគោរពតាម «គោលនយោបាយចិនតែមួយ» ដែលនេះការវិវឌ្ឍដ៏ថ្មីសន្លាងមួយកាត់បន្ថយភាពតានតឹង រវាងមហាអំណាចពិភពលោកទាំងពីរ ហើយសារនយោបាយនេះ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អះអាងថា វាជាដំណឹងដ៏ល្អចំពោះការគិតត្រូវនៃទស្សនៈ នយោបាយការបរទេសរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះគោលការណ៍ចិនតែមួយ ហើយក៏ជាសក្ខីភាពមួយបង្ហាញពីភាពអសមត្ថភាព និងគ្មានបទពិសោធន៍ នយោបាយអន្តរជាតិរបស់អ្នកវិភាគឯករាជ្យ អ្នកវិភាគសង្គមមួយចំនួននៅកម្ពុជា ដែលតែងតែធ្វើជាឧបករណ៍ប្រឆាំងនឹងប្រជាជាតិឯង។
តាមរយៈលិខិតចំហរមួយនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ផៃ ស៊ីផាន បានរៀបរាប់ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «ការលើកឡើងរបស់ចិន ចំពោះគោលជំហររបស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ គឺជាការបញ្ជាក់សារជាថ្មីម្តងទៀត ក៏ដូចជាកិច្ចប្រសិទ្ធិពរចំពោះគោលនយោបាយ បរទេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះគោលនយោបាយចិនតែមួយ។ ដំណឹងនេះក៏បានបង្ហាញយ៉ាងច្បាស់ចំពោះការគិតត្រូវ ធ្វើត្រូវនៃទស្សនៈនយោបាយការបរទេសរបស់ សម្តេចតេជោចំពោះបញ្ហានេះ ដែលជាបញ្ហាដ៏ចម្រូងចម្រាស នៃគោលនយោបាយអន្តរជាតិ នៃការវិវាទអធិបតេយ្យភាព រវាងសាធារណរដ្ឋប្រជាមានិតចិន និងតៃវ៉ាន់»។
សារនយោបាយដ៏ឧត្តុង្គឧត្តម របស់លោកប្រធានាធិបតេយ្យសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបង្ហាញអំពីគោលជំហរគាំទ្រនយោបាយចិនតែមួយ ទទួលបានការឆ្លើយតបមកវិញនូវអំណរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ក៏ប៉ុន្តែវាជាការចំអក និងទទួលបាននូវភាពអសមត្ថភាព និងគ្មានបទពិសោធន៍ នយោបាយអន្តរជាតិរបស់បុគ្គល ឬក្រុមដែលនិមិត្តនូវតំណែងរបស់គេជាអ្នកវិភាគនយោបាយ, នេះបើតាមលោក ផៃ ស៊ីផាន បន្ថែមយ៉ាងដូច្នេះ។
ក្នុងអំឡុងសប្តាហ៍កន្លងទៅនេះ មានអ្នកវិភាគនយោបាយមួយចំនួន ដែលប្រឌិតនូវតំណែងផ្ទាល់ខ្លួនជាឧបករណ៍របស់វិទ្យុផ្សាយសម្លេងខេមរភាសា បាន បង្ហាញនូវជំហរជាអ្នកស្រឡាញ់សហរដ្ឋអាមេរិក ជាងសហរដ្ឋអាមេរិក ក៏ដូចជា ស្រឡាញ់តៃវ៉ាន់ជាងតៃវ៉ាន់ គឺទទួលបានគ្មានអ្វីក្រៅពីភាពអាម៉ាស់ ចំពោះភាពអវិជ្ជា នៃនយោបាយបរទេស ជាមួយនឹងការមាក់ងាយដល់ផលប្រយោជន៍របស់កម្ពុជា។ នេះជាសាក្ខីភាព នៃតម្លៃរបស់អ្នកវិភាគឯករាជ្យ អ្នកវិភាគសង្គម ដែលជាឧបករណ៍ប្រឆាំងនឹងប្រជាជាតិឯង។
សូមជំរាបថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំហរជាថ្មីម្តងទៀត ក្នុងការប្រកាន់ខ្ជាប់នូវនយោបាយចិនតែមួយ។ ជាមួយគ្នានេះ សម្តេចក៏បានប្រកាសដែរថា នឹងមិនឱ្យមានការលើកទង់ជាតិថៃវ៉ាន់ នៅក្នុងពិធីណាមួយ នៅក្នុងប្រទេសកម្ពុជាឡើយ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីទទួលទានអាហារសាមគ្គី ជាមួយអ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិនថ្មី និងសមាជិក-សមាជិកាជាច្រើនររូបទៀត នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ ហើយកម្ពុជាក៏មិនត្រូវធ្វើអ្វីដែលនាំឱ្យប៉ះពាល់ដល់ អធិបតេយ្យ ឯករាជ្យភាពរបស់ប្រទេសចិននោះដែរ។ សម្តេចបានបញ្ជាក់ថា កម្ពុជាបើកចំហរសម្រាប់ការវិនិយោគរបស់តៃវ៉ាន់ ប៉ុន្តែសម្រាប់រាល់ការពិធីជប់លៀង ឬពិធីផ្សេងៗនៅលើទឹកដីកម្ពុជា មិនឱ្យមានលើកទង់ជាតិតៃវ៉ាន់ ឬស្ថានតំណាងតៃវ៉ាន់ជាដាច់ខាត។
សម្តេចបានបញ្ជាក់ថា ជំហរនេះមិនមែនតែជំនាន់សម្តេចដឹកនាំនោះទេ ប៉ុន្តែជំហរប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយមានតាំងពីជំនាន់សម្តេចឪ នរោត្តម សីហនុ មកម្ល៉េះ។ ទន្ទឹមគ្នានឹងការលើកឡើងអំពីគោលនយោបាយចិនតែមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្រេចទីបេ ក៏ដូចគ្នាដែរ។ សម្តេចថ្លែងថាកម្ពុជាមិនគាំទ្រចំពោះការចង់ផ្តាច់ខ្លួនរបស់ទីបេទេ ហើយកម្ពុជាចាត់ទុកថា ទីបេ គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពីគោលនយោបាយចិនតែមួយ៖