(កណ្តាល)៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាគ្រឿងញៀនដ៏សកម្ម ត្រូវបាននគរបាលស្រុកស្អាង ខេត្តកណ្តាល បង្រ្គាបបាន និងម្នាក់ទៀតរត់គេចខ្លួន ព្រមទាំងដកហូតថ្នាំញៀនចំនួន១៨កញ្ចប់ និងសម្ភារវេចខ្ចប់មួយចំនួនទៀត នៅវេលាម៉ោង៣៖០០រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

​មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះទី១ ឈ្មោះ សុខ ប៊ុនធឿន អាយុ៣៤ឆ្នាំ ទី២ ឈ្មោះ សឿន សំភាស់ អាយុ២៥ ឆ្នាំ មានមុខរបរកសិករ ទី៣ ឈ្មោះ សឿន បុល អាយុ២៣ឆ្នាំ។ អ្នកទាំង៣នាក់ រស់នៅក្នុងភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

បន្ទាប់ពីមានការឯកភាពពីព្រះរាជអាជ្ញា និងលោកស្នងការ លោក សេង សុជាតិ អធិការនគរបាលស្រុក
ស្អាង បានដឹកនាំកម្លាំងចុះទៅការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ឈ្មោះ សុខ ប៊ុនធឿន រកឃើញគ្រឿងញៀន (ម៉ាទឹកកក)ចំនួន៩កញ្ចប់ (ធំ០២, មធ្យម១, តូច៦។ ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច កម្លាំងបានរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន០៩កញ្ចប់ មធ្យមស្ថិតនៅក្រោយផ្ទះ របស់ឈ្មោះ សឿន សំភាស់ បន្ថែមទៀត ទើបបន្តឃាត់ខ្លួនឈ្មោះ សឿន សំភាស ម្នាក់ទៀត។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕