(រតនគិរី)៖ ស្របពេលដែលតម្លៃដំឡូងមីកំពុងធ្លាក់ថ្លៃ នាំឲ្យប្រជាកសិករដាំដំឡូងមី ប្រឈមមុខនឹងការជំពាក់លុយ ធនាគារវ័នក រីឯឈ្មួញរកស៊ីទិញ-លក់ដំឡូងមី ក៏បានត្អូញត្អែរផងដែរ ពីការប្រឈមនឹងការខាតបង់ ព្រោះរងការទារ លុយពីមន្រ្តីនៃ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី ធ្វើឲ្យពួកគាត់លែងចង់ទិញដំឡូងមីតទៅទៀត។
ក្រុមឈ្មួញកណ្តាល ដែលតែងប្រមូលទិញដំឡូងមីតាមចម្ការរបស់ប្រជាកសិករ ទៅលក់នៅទីផ្សារប្រទេសវៀតណាមនោះ បាននាំគ្នាបញ្ចុះតម្លៃថែមទៀត ដោយសារខាងមន្រ្តីនៃ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី ដាក់ប៉ារ៉ាស់ប្រចាំការនៅទីរួមស្រុកអូរយ៉ាដាវ ដោយតម្រូវឲ្យបង់លុយដូចជា រថយន្តចំណុះ៥តោន ក្នុង១គ្រឿង៣ម៉ឺនរៀល និងរថយន្តធុនធំ៥ម៉ឺនរៀល។
មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ក៏ត្រូវលុយបង់ឲ្យកម្លាំងសមត្ថកិច្ច៤ស្ថាប័នទៀត ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានថ្លៃកាហ្វេ និងថ្លៃគុយទាវ យ៉ាងហោចពី ៥ទៅ៦ម៉ឺនរៀល ក្នុង១គ្រឿង។
ឈ្មួញកណ្តាលម្នាក់ឈ្មោះ ប៊ុត សំអាត បានប្រាប់ថា តម្លៃដំឡូងមីនៅប្រទេសវៀតណាម ទើបតែឡើងថ្លៃបន្តិច ក្នុងរយៈពេល២-៣ថ្ងៃនេះ គឺបាន៥០០រៀល ទៅ៥២០រៀល ក្នុង១គីឡូក្រាម ដោយសប្តាហ៍កន្លងទៅ បានតែ៤៦០-៤៧០រៀល តែប៉ុណ្ណោះ។
លោក ប៊ុត សំអាត បានបន្តថា ពួកគាត់ដើរប្រមូលទិញតាមចម្ការ ៤៣០-៤៤០រៀល ក្នុង១គីឡូក្រាមទៅហើយ ជួនកាលដឹកដល់វៀតណាម ដំឡូងស្រកគីឡូ ត្រូវខាតដើមទៀតផង ហើយការទិញដំឡូងមីដឹកកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទៅលក់នៅវៀតណាម ត្រូវចំណាយលុយច្រើនជាងដឹកទៅលក់ចេញ តាមច្រកខេត្តក្រចេះ និងខេត្តត្បូងឃ្មុំដែលមានចម្ងាយផ្លូវឆ្ងាយ។
ប្រភពព័ត៌មានមួយទៀតបានប្រាប់ដែរថា ក្រុមអនុគណៈកម្មាធិការខាងលើនេះ កំពុងត្រូវប៉ាន់ខ្លាំងណាស់រាល់ថ្ងៃ សូម្បីតែកូនរថយន្តកាមរី ដឹកឈើឆ្លងកាត់ក៏មិនលើកលែងឲ្យដែរ ក្រោមរូបភាពកន្ទេលធំបន្លំដេក។
ទាក់ទិញទៅនឹងក្រុមការងារអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី តម្រូវឲ្យបង់ថ្លៃបាយមានតម្លៃខ្ពស់នេះដែរ អង្គភាព Fresh News មិនអាចទាក់ទងជាមួយមន្រ្តីនៃ អនុប្រធាន អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តរតនគិរី បានទេ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕