(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុងគ្រុប បានឧបត្ថម្ភស៊ីម៉ងត៍ឥន្ត្រីពេជ្រ១០តោននៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០១៧ ដល់វត្តឥណ្ឌូកម្ពុជាធម្មនិរមិត ដើម្បីចូលរួមចំណែកក្នុងការសាងសង់វត្តដែលស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោរាជធានីភ្នំពេញ។
វត្តឥណ្ឌូកម្ពុជាធម្មនិរមិតជាវត្តថ្មីដែលទើបតែបង្កើតឡើងបានបីឆ្នាំ ហើយទើបតែបញ្ចប់ការសាងសង់ព្រះវិហារប៉ុណ្ណោះ។ ព្រះមហា ងួន សេ្តចភក្តី ព្រះលេខាសម្តេចព្រះមហាសង្ឃរាជ្យ បួរ គ្រី ដែលជាព្រះចៅអធិការវត្តឥណ្ឌូកម្ពុជា ធម្មនិរមិត បានមានសង្ឃដីកាថាស៊ីម៉ងត៍ដែលប្រគេនដោយក្រុមហ៊ុនជីបម៉ុងគ្រុបនេះ នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់កុដិទីធ្លានិងផ្លូវក្នុងវត្ត ដែលកំពុងតែសាងសង់ស្រាប់។
លោកឧកញ៉ា លាងឃុន ប្រធានអគ្គនាយកក្រុមហ៊ុនជីប ម៉ុងគ្រុប បានថ្លែងថា «ខ្ញុំសង្ឃឹមថាវិភាគទានបន្តិចបន្តួចរបស់ក្រុមហ៊ុននេះ នឹងអាចជួយសម្រួលដល់ការសាងសង់វត្តថ្មីនេះបានមួយកម្រិត ក៏ដូចជារួមចំណែកមួយផ្នែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋរបស់ប្រទេសកម្ពុជាផងដែរ»។
គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុនជីប ម៉ុងគ្រុបតែងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ដោយបានរួមចំណែក លើកស្ទួយវិស័យនានាក្នុងប្រទេសកម្ពុជា រួមមានវិស័យព្រះពុទ្ធសាសនា វិស័យអប់រំ វិស័យកីឡា ហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពសម្បុរសធម៌នានា៕