(ភ្នំពេញ)៖ ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះថា គណបក្សរបស់លោក បានត្រៀមបេក្ខជន សម្រាប់ការឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទាំង១,៦៤០ឃុំ-សង្កាត់ រួចរាល់ហើយ ដើម្បីប្រគល់ជូន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើការត្រួតពិនិត្យ នៅដើមខែមីនា ឆ្នាំ២០១៧ ខាងមុខ។
មេគណបក្សថ្មីរូបនេះបានថ្លែងថា «ខ្ញុំបានរៀបអស់ហើយ គណបក្សខ្ញុំរៀបទាំងអស់ ទូទាំងប្រទេសមាន ១៦៤០ឃុំ យើងខ្ញុំរៀបទាំងអស់»។
អ្នកនយោបាយចាស់វស្សា ដែលធ្លាប់ជ្រកក្រោមដំបូលគណបក្សហ្វ៊ុនស៊ិនប៉ិចនោះ បានបន្តថា អំឡុងពេលរៀបចំបេក្ខជនគណបក្សរបស់ខ្លួននោះ លោកបានចុះពិនិត្យ និងរៀបចំដោយផ្ទាល់ដៃ ដើម្បីសម្រឹតសម្រាំងរកបេក្ខជនណាដែលឆ្នើម មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សមស្របតាមឆន្ទៈប្រជាពលរដ្ឋមូលដ្ឋាន។
សូមជម្រាបថា គ.ជ.ប បានទុករយៈពេល២ខែ ដើម្បីឱ្យគណបក្សនយោបាយទាំងអស់ រៀបចំបញ្ជីឈ្មោះបេក្ខជនរៀងៗខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ហើយបញ្ជូនឈ្មោះបេក្ខភាពរបស់ខ្លួន ប្រគល់ជូន គ.ជ.ប ឱ្យទាន់ពេលវេលា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីឱ្យស្ថាប័ននេះត្រួតពិនិត្យ។
លោក ញឹក ប៊ុនឆៃ បានបញ្ជាក់យ៉ាងជឿជាក់ថា គណបក្សរបស់លោក នឹងធ្វើតាមការកំណត់របស់ គ.ជ.ប ព្រោះការងារនេះ គណបក្សលោកបានធ្វើរួចរាល់ហើយ ធានាថាមិនមានការយឺតយ៉ាវឡើយ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងនោះមាន១,៦៤០ឃុំ-សង្កាត់ ដែលត្រូវបោះឆ្នោត ហើយគណបក្សនយោបាយនីមួយៗ ក៏ត្រូវមានបេក្ខជនពេញសិទ្ធិចំនួន ១១,៥៧២នាក់ និងបេក្ខជនបម្រុងចំនួន ១១,៥៧២នាក់ដែរ៕