(ព្រះសីហនុ)៖ ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមគ្នាបង្កើតគម្រោងសិក្សា លើការអភិវឌ្ឍតំបន់ទេសចរណ៍ នៅខេត្តព្រះសីហនុ ដើម្បីរៀបចំបរិស្ថាននៅតំបន់ឆ្នេរសមុទ្រ ឲ្យកាន់តែស្អាតបរិសុទ្ធ កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែម និងទប់ស្កាត់រាល់កាកសំណល់ និងទឹកកខ្វក់ដែលហូរចូលសមុទ្រ។
គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ នៅខេត្តព្រះសីហនុនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាមួយ ដែលធ្វើឡើងនៅសាលាខេត្តព្រះសីហនុ ក្រោមការដឹកនាំដោយ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំពិភាក្សាខាងលើមានការចូលរួមពី តំណាងធនាគារអភិវឌ្ឍន៍អាស៊ី មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ មន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន ដើម្បីពិភាក្សាគ្នាលើគម្រោងអភិវឌ្ឍទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ នៅខេត្តព្រះសីហនុ ក្នុងនោះក៏មានកោះរ៉ុងផងដែរ ពិសេសរៀបចំឆ្នេរឲ្យស្អាត និងទប់ស្កាត់ទឹកកខ្វក់ហូរចូលសមុទ្រ ទាំងនៅឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងទាំងនៅលើកោះរ៉ុង។
លោក ទិត ចន្ថា បានបញ្ជាក់ថា គម្រោងនេះ នឹងជួយដល់ការអភិវឌ្ឍទេសចរណ៍ «ការធ្វើឲ្យប្រសើរឡើងផ្នែកបរិស្ថាន ការអភិវឌ្ឍសង្គម ព្រមទាំងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាខេត្តព្រះសីហនុ» ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ព្រមទាំងប្រែក្លាយ តំបន់នោះទៅជាតំបន់អភិវឌ្ឍន៍ទេសចរណ៍ និងជាទឹកដីដ៏ប្រសើរ សម្រាប់ការរស់នៅ និងទស្សនាកម្សាន្ត៕