(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន ខេត្តព្រះសីហនុ បានជំរុញទៅថ្នាក់ដឹកនាំខេត្ត កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ និងបណ្តាស្ថាប័ន​ពាក់ព័ន្ធ ត្រូវរួមសហការសាមគ្គីគ្នា យកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ចូលរួមធ្វើអនាម័យ​ឱ្យបានល្អប្រសើរ ដើម្បីជំរុញកំណើនទេសចរណ៍ ដែលវាគឺជាឧស្សាហកម្មគ្មានផ្សែង ក្នុងការជំរុញល្បឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យកាន់តែរីកចម្រើនថែមទៀត។  

ការជំរុញនេះបានធ្វើឡើង ក្នុងពិធីបូកសរុបលទ្ធផលការងារ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅសាលាខេត្តខេត្តព្រះសីហនុ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពីថ្នាក់​ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានដាស់តឿនដល់មន្ទីរអប់រំ ខេត្តព្រះសីហនុ ត្រូវសហការជាមួយលោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ ជំរុញការបង្រៀន និងរៀននៅតាមសាលាគ្រប់កម្រិតទូទាំងខេត្ត ព្រមទាំងសហការគ្នារិះរក និងប្រើប្រាស់​វិធីសាស្ត្រថ្មីៗ ក្នុងការបង្រៀន និងរៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំ។
 
លោកប្រធានក្រុមការងារ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ដែលបាន​សហការគ្នា ខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ឱ្យ សម្រេចបានលទ្ធផលគួរជាទីមោទនៈ។
នាយឧត្តមសេនីយ៍ បានថ្លែងថា ក្នុងគោលបំណងបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ ដើម្បីសុខុមាលភាពរបស់​ប្រជា​ពលរដ្ឋ និងវិបុលភាពរបស់ប្រទេសជាតិ ដូច្នេះយើងត្រូវប្រែក្លាយរដ្ឋបាលសាធារណៈ «ឱ្យទៅជាអ្នកផ្តល់សេវាដ៏​មានប្រសិទ្ធ​ភាពជូនប្រជាពលរដ្ឋ» និងផ្លាស់ប្តូរឥរិយាបថ ផ្នត់គំនិតពីភាពជា «អ្នកត្រួតត្រា និងអ្នកត្រូវគេត្រួតត្រា» ឱ្យទៅជា «អ្នកផ្តល់សេវា និងអ្នកប្រើប្រាស់សេវា»។

លោកថា ឥរិយាបថមន្ត្រីរាជការត្រូវមានគុណសម្បត្តិ៤យ៉ាងរួមមាន៖ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវា​សាធារណៈ។ ក្នុងទិសដៅបន្តត្រូវបន្តការខិតខំ​បម្រើសេវាសាធារណៈ ឱ្យបានទាន់ពេលវេលា តាមតម្រូវការរបស់ប្រជាពលរដ្ឋ និងបន្តសហការគ្នាចុះសាកសួរសុខទុក្ខ ដល់មូលដ្ឋានខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ នាយឧត្តមសេនីយ៍ បានណែនាំ ឲ្យត្រូវខិតខំ​យកចិត្តទុកដាក់រៀបចំប្លង់គោល និងប្រតិទិនការងារនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង​និងធ្វើ​របាយការណ៍ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ និងដោះស្រាយ​បញ្ហាប្រឈម​នានា ដូចដែលបានគូសបញ្ជាក់ក្នុងរបាយការណ៍ និងបទអន្តរាគមន៍ ដូចជាបញ្ហាទំនាស់ដីធ្លី បញ្ហាបំពុលបរិស្ថាន ការរំលោភ​បំពានកាន់កាប់ដីរដ្ឋ ដីព្រៃការពារ តំបន់ឆ្នេរ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម។ល។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានប្រាប់ទៅមន្រ្តីទាំងអស់ ត្រូវចូលរួមអនុវត្តភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមទប់ស្កាត់ បង្ការ និងបង្រ្កាបគ្រឿងញៀន និងល្បែងអបាយមុខគ្រប់យ៉ាង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ សង្រ្គោះប្រជាពល​រដ្ឋពីគ្រោះ​មហន្តរាយនានា និងទប់ស្កាត់ បង្ក្រាបបទល្មើសផ្សេងៗ និងរួមចំណែកថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសណ្តាប់ធ្នាប់ និងការពារសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរឡើង៕