(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា និងពិការ ចំនួន​៤០គ្រួសារ ក្នុងសង្កាត់ដង្កោ។

លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រ​ធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្ត​ទុកដាក់ដល់ការលំបាករបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋទីទាល់ក្រ ចាស់ជរា ជនពិការ អ្នកផ្ទុក​មេរោគអេសដ៍ ជំងឺអេដស៍ ជនរងគ្រោះនានា ហើយសម្តេចតែងបានផ្តាំផ្ញើដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យគិតគូដល់ការ​លំបាក​របស់ និងដោះស្រាយជូនឲ្យបានទាន់ពេលវេលា។

លោក អភិបាលក៏បានពាំនាំការសាកសួរសុក្ខទុក្ខរបស់ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធាន​គណៈ​កម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនដល់ប្រជាពលរដ្ឋផងដែរ។ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើ​ឲ្យប្រជាពលរដ្ឋទាំងអស់ ខិតខំថែរក្សាសុខភាព តាមរយៈការហូបស្អាតផឹកស្អាត រស់នៅស្អាត ដើម្បីបន្តរស់នៅបានយូរអង្វែង រងចាំមើលការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។  

អំណោយដែលត្រូវបានចែកជូន ប្រជាពលរដ្ឋទាំង៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រមា១) និងថវិកា៣ម៉ឺនរៀល៕