(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់​មួយរូបនៅក្រសួងកសិកម្ម បានទម្លាយឯកសារមួយច្បាប់បានឲ្យដឹងថា ក្រសួងកសិកម្ម​បានអនុញ្ញាត​ឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះ «លីម រ៉ូយ៉ាល់ ជ័ញ ស្តុក» បង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿង​សង្ហារិម​ជាបណ្តោះ​អាសន្នមួយចំនួន ស្ថិតនៅទីតាំងក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។

ការអនុញ្ញាតឲ្យបើកអាជីវកម្មកែច្នៃឈើនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ដដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា នេះជា​ការលើកទឹកចិត្តឲ្យមានបទល្មើស ការកាប់បំផ្លាញព្រៃឈើបន្តទៀត ដែលបញ្ហានេះ​ផ្ទុយពី​គោលនយោបាយ​របស់រដ្ឋាភិបាល​ដែលខិតខំអភិរក្សព្រៃឈើ ខណៈគណកម្មាការពិសេសបង្ក្រាប បទល្មើសព្រៃឈើដឹកនាំ ដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ត បាននឹងកំពុងដឹកនាំប្រតិបត្តិការបង្ក្រាប បទល្មើសនេះពេញផ្ទៃប្រទេស។

សូមបញ្ជាក់ថា តាមព័ត៌មានមួយចំនួនបានឱ្យដឹង ដើម្បីបានឈើយកមកកែឆ្នៃ ឈ្មួញរកស៊ី​បានផ្តល់​ប្រាក់ដល់​ពលរដ្ឋមួយ​ចំនួន​ដើម្បីចូល​ទៅកាប់ឈើ។

លិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននេះបានបង្ហាញថា ក្រុមហ៊ុន លីម រ៉ូយ៉ាល់ ជ័ញ ស្តុក ខាងលើនេះ បានដាក់​សំណើ​ទៅកាន់ ក្រសួងកសិកម្មនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ តាមរយៈ​ប្រតិភូរាជ​រដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ៕