(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផលិតជាខ្សែវីដេអូអប់រំខ្លីមួយ ពាក់ព័ន្ធនឹងការផ្ដល់សេវាធានារ៉ាប់រងដល់កម្មករនិយោជិត នៅពេលដែលពួកគាត់ជួបគ្រោះថ្នាក់ការងារ ឬហៅថា ហានិភ័យការងារ។
បេឡាជាតិរបបសន្តិសុខសង្គម ជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ មានតួនាទីគ្រប់គ្រង និងធានារ៉ាប់រងរបបសន្តិសុខសង្គមសាធារណៈ ដោយអនុឡោមតាមច្បាប់ស្តីពី របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ។
ប.ស.ស ធានារ៉ាប់រងទៅលើកម្មករនិយោជិត ផ្នែកគ្រោះថ្នាក់ការងារ (ហានិភ័យការងារ) រួមមាន៖ គ្រោះថ្នាក់ពេលធ្វើដំណើរ ពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការទៅផ្ទះវិញ, គ្រោះថ្នាក់ពេលកំពុងបំពេញការងារ និងជំងឺវិជ្ជាជីវៈ។
តាវកាលិកហានិភ័យការងារ ដែលជនរងគ្រោះទទួលបាន រួមមាន៖ ផ្តល់សេវាសង្គ្រោះបន្ទាន់, ផ្តល់សេវាដឹកជញ្ជូនជនរងគ្រោះ, ផ្តល់ការព្យាបាលរហូតជាសះស្បើយ, ផ្តល់ប្រាក់ចំណាច់ប្រចាំថ្ងៃ, ផ្តល់តាវកាលិកសម្រាប់អ្នកចាំថែរក្សា, ផ្តល់ឧបករណ៍សិប្បនិម្មិត (ដៃជើងសិប្បនិម្មិត ឈើច្រត រទេះរុញ), ផ្តល់តាវកាលិកបាត់បង់សមត្ថភាពអចិន្ត្រៃយ៍, ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ, ផ្តល់ប្រាក់ឧបត្ថម្ភដល់ប្តី ឬប្រពន្ធ ឬកូន និងជនចាស់ជរា នៅក្នុងបន្ទុកផ្ទាល់ជនរងគ្រោះ, ក្នុងករណីស្លាប់ ប.ស.ស ផ្តល់ប្រាក់វិភាជន៍បូជាសព ៤,០០០,០០០រៀល។
សូមទស្សនាខ្សែវីដេអូអប់រំខ្លី ដែលរៀបរៀងដោយបេឡាជាតិរបបសន្តិសុខសង្គម ដូចខាងក្រោម៖